​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​កម្ម​ការ​នី​ជិត​៥០​ភារ​យ នៅក្នុង​ស្រុក​កំពង់ត្រឡាច​និង​ ​ស្រុក​សាមគ្គី​មានជ័យ​គ្មាន​ប័ណ្ណបើកបរ​សមត្ថកិច្ច​កំពុង​ចាត់ការ​តាមច្បាប់

0

ខេត្តកំពង់ឆ្នាំង៖ អ្នកបើកបររថយន្តដឹកកម្មករកជិត៥០% នៅក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យគ្មានប័ណ្ណបើកបរ នេះបើយោងតាមការអោយដឹងពីនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ ក្រោយពីសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ត និងមន្ត្រីសាធារណៈការខេត្តបានសហការគ្នាចុះពិនិត្យស្រាវជ្រាវរយៈពេល៤ថ្ងៃរួចមក បន្ទាប់ពីលោកអភិបាលខេត្តមានប្រតិកម្ម ក្នុងករណីរថយន្តដឹកកម្មករក្រឡាប់របួសកម្មករ៧០នាក់ ព្រោះតែអ្នកបើកបរគ្មានបណ្ណ័បើកបរ។
លោក ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបានបញ្ជាក់អោយដឹងទៀតថា៖ យោងតាមគោលការណ៍របស់អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តស្រុក បានសហការជាមួយមន្ទីរសាធារណៈការខេត្ត ចុះធ្វើការត្រួតពិនិត្យស្រាវជ្រាវពីលក្ខណៈបច្ចេកទេសរថយន្ត និងប័ណ្ណបើកបររថយន្តទៅលើ អ្នកបើកបររថយន្តដឹកកម្មករកម្មការនីចំនួន១៨៩គ្រឿង នៅក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ។ ការត្រួតពិនិត្យនេះគឺធ្វើឡើងក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹកកម្មករកម្មការនីជាបន្តបន្ទាប់ និងបណ្តាលអោយមានអ្នករងរបួសធ្ងន់ស្រាលរាប់សិបនាក់នៅពេលថ្មីៗនេះ។
លោកបានបន្តថា៖ តាមគោលការណ៍របស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងដែលបានថ្លែងនៅក្នុងទិវាពលកម្មអន្តរជាតិក្នុងស្រុកកំពង់ត្រឡាចថា « អ្នកបើកបររថយន្តទាំងឡាយណាដែលគ្មានប័ណ្ណបើកបររថយន្ត គឺត្រូវបញ្ឈប់មិនអនុញាតិអោយបើកបរដឹកកម្មករកម្មការនីទៀតឡើយ ព្រោះកន្លងមកនៅចុងឆ្នាំ២០១៥មានហេតុការណ៍ក្រឡាប់រថយន្តដឹកកម្មករកម្មការនីចំនួន២លើក បណ្តាលអោយកម្មករកម្មការនីរងរបួសធ្ងន់ស្រាលជាង១០០នាក់ ហើយនៅពេលថ្មីៗនេះ រថយន្តដឹកកម្មករពីស្រុកកំពង់ត្រឡាចបានក្រឡាប់នៅស្រុកឧត្តុង្គ បណ្តាលអោយកម្មករកម្មការនី៧០នាក់រងរបួសធ្ងន់ស្រាល។ ដោយឡែកអ្នកបើកបររថយន្តក្នុងហេតុការណ៍ក្រឡាប់ទាំង៣ករណីនេះ គឺសុទ្ធតែគ្មានប័ណ្ណបើកបរទាំងអស់ »។
ហេតុនេះហើយ ទើបចាប់ពីថ្ងៃទី២៨ ខែមេសា រហូតមកដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦នេះ សមត្ថកិច្ចចំរុះបានត្រួតពិនិត្យទៅលើអ្នកបើកបររថយន្ត និងពិនិត្យបច្ចេកទេសរថយន្តបានចំនួន១៨៩គ្រឿង ដែលដឹកកម្មករកម្មការនីនៅក្នុងរោងចក្រចំនួន៤ ជារៀងរាល់ថ្ងៃ គឺរោងចក្រតឹកហ្វុក ជីងយី ខេមហ្វត និងរោងចក្រឡុងលីត ស្ថិតក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ក្នុងនោះរកឃើញអ្នកគ្មានប័ណ្ណបើកបររថយន្តចំនួន៨៤នាក់ រថយន្តមានសំបកកង់សឹករិចរិលខុសបច្ចេកទេសមានចំនួន៤១គ្រឿង និងគ្មានខ្ចៅតាកេមួលអោយបានជាប់គ្រប់គ្រាន់ចំនួន១៣គ្រឿង។ 2 (1) 1 (1)
ចំពោះអ្នកបើកបររថយន្តខុសច្បាប់ទាំងនោះ សមត្ថកិច្ចចំរុះបានអនុវត្តន៍តាមគោលការណ៍ច្បាប់ គឺអ្នកដែលគ្មានប័ណ្ណបើកបរ ត្រូវរកអ្នកមានប័ណ្ណបើកបរមកបើកជំនួសសិន និងត្រូវប្រញាប់ទៅប្រឡងយក ប័ណ្ណបើកបរ តែបើនៅបើកបរដឹកកម្មករគ្មានប័ណ្ណបើកបរទៀតនោះ ពេលសមត្ថកិច្ចពិនិត្យឃើញគឺត្រូវចាប់បញ្ជូនទៅតុលាការផ្តន្ទាទោស ឬពិន័យទៅតាមផ្លូវច្បាប់។ ចំពោះរថយន្តដែលមានកង់សឹករិចរិល និងរថយន្តខ្វះខ្ចៅតាកេ គឺត្រូវតែផ្លាស់ប្តូរថ្មី បើមិនព្រមដោះដូរទេនោះ ក៍ត្រូវពិន័យតាមច្បាប់កំណត់ដែរ គឺមិនលើកលែងអោយទៀតឡើយ៕