អំណោយដ៏ថ្លែថ្លារបស់កាកបាទក្រហមកម្ពុជាត្រូវបានលោកជំទាវគួយ ណាលីន ឃឹម ប៊ុនសុង អនុគណៈ កម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន៤៦គ្រួសារ មកពី២សង្កាត់ មាន៤ភូមិ ក្នុង
ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានធ្វើឡើងនៅវត្តគោកចកសង្កាត់គោកចក ក្រុង ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០១៤នេះ ដោយមានអញ្ជើញចូលរួមពី លោកជំទាវ អស់លោក លោកស្រី ជាសមាជិកគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា និង អាជ្ញាធរមូលដ្ឋានផងដែរ ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក សូរប្លាតុងអភិបាលរងនៃគណៈអភិបាលក្រុងសៀមរាបនិង តាមសេចក្តីរាយការណ៍របស់លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត អំពីផលប៉ះពាល់របស់ប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ កាលវេលាម៉ោង២០ នារាត្រីថ្ងៃទី១៨ ខែឧសភា ២០១៤កន្លងមកនេះ បានធ្វើឲ្យភូមិចំនួន៤ក្នុងសង្កាត់គោកចក ៤១គ្រួសារ និង សង្កាត់អំពិល ៥គ្រួសារ ធ្វើឲ្យរលំផ្ទះ ២ខ្នងរបើកដំបូល ៤៤ខ្នង និង របួសមនុស្ស ០៣ នាក់ ។ ក្នុងនោះលោកបានបញ្ជាក់ពីប្រភពអំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋទាំង ៤៦គ្រួសារនាពេលនេះ គឺជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលទទួលបានពីបងប្អូនសប្បុរសជនជាតិ អន្តរជាតិ ដោយប្រគល់ជូនដល់បងប្អូនរងគ្រោះរលំផ្ទះ២គ្រួសារ ក្នុងមួយគ្រួសារ ចំនួន ១៣មុខគ្រួសារផ្ទះរបើកដំបូល មួយ គ្រួសារ ១១មុខ និង អ្នក រងរបួស ម្នាក់ៗបានសម្ភារៈ៨មុខផងដែរ ។
ក្នុងនាមឯ.ឧ ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលនៃគណៈ អភិបាលខេត្ត លោកជំទាវ គួយ ណាលីន ក៏បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ទ្រាក់ទាំងអស់ ព្រមទាំងសម្ដែងនូវការសោកស្តាយជាពន់ពេក ចំពោះបងប្អូនដែលបានរងគ្រោះនូវឧបទ្ទេវហេតុ ដោយខ្យល់កន្ទ្រាក់ ដែលបណ្ដាលឲ្យរលំផ្ទះ ។ លោកជំទាវក៏បានបន្តទៀតថា ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏មិនបានទុកឲ្យបងប្អូនប្រជាពលរដ្ឋរងការលំបាក ក្នុងគ្រោះមហន្តរាយណាមួយដែលបានកើតឡើង ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋឡើយ ដូចពាក្យស្លោកថា ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមជានិច្ច ។ ជាក់ស្ដែងថ្ងៃនេះដោយទទួលបានព័ត៌មានថាមានប្រជាជនរងគ្រោះធម្មជាតិនៅសង្កាត់ពីរក្នុងក្រុងសៀមរាបកាលពីពេលកន្លងទៅនេះ ហើយនៅថ្ងៃនេះ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំនូវអំណោយសង្គ្រោះបន្ទាន់ ដើម្បីយកមកចែកជូនបងប្អូនពេលនេះ។ លោកជំទាវក៏មានប្រសាសន៍បញ្ជាក់ថាសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ នៅកណ្ដោចកណ្ដែង និង ស្លាប់ដោយអត់អាហារ គ្មានទីជំរកនោះឡើយ ។ លោកជំទាវ គួយ ណាលីន បានបន្តទៀតថា ទោះបីជាអំណោយទាំងនេះ វាមានលក្ខណៈតិចតួចក្ដី វាមិនអាចសងទៅនឹងការខូចខាតរបស់បងប្អូនដែលរងគ្រោះក៏ពិតមែន តែជាស្មារតីយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីជួយសម្រួល និង សម្រាលដល់ការលំបាករបស់បងប្អូនបានមួយរយៈផងដែរ ។ ក្នុងនោះដែរលោកជំទាវ ក៏បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ត្រូវបង្កើននូវមុខរបរចិញ្ចឹមជិវិតរបស់ខ្លួនក្នុងការទ្រទ្រង់សេដ្ឋកិច្ចក្រុមគ្រួសារ។ ម្យ៉ាងទៀតត្រូវប្រុងប្រយ័ត្ន ចំពោះកូនតូចៗរបស់ខ្លួន កុំឲ្យមានជម្ងឺសង្កាត់ ពិសេសត្រូវឲ្យកុមារតូចៗសៀកពាក់ខោវអាវវែងៗ ដើម្បីកុំឲ្យមូសខ្លាខាំ នាំកើតជម្ងឺគ្រុនឈាមដល់កុមារ នឹងនាំគ្នាចូលរួមកំចាត់នូវជម្រកមូសខ្លា ក្នុងការបំបាត់ជម្ងឺគ្រុនឈាមកុំឲ្យកើតមកលើកុមារកម្ពុជាយើង ៕