សៀមរាប នៅក្នុងកម្មវិធីគម្រប់ខួបមួយឆ្នាំ នៃយុទ្ធនាការ ( សៀមរាប ផ្ទះខ្ញុំ ) បានបង្ហាញឲ្យដឹងថា សកម្មភាពការងាររបស់សហភាពសហព័ន្ធកម្ពុជា ដែលពីមុនហៅថា ( សមាគមយុវជនកម្ពុជា ) គឺជារណសិរ្សទូលំទូលាយរបស់យុវជន បានធ្វើសកម្មភាពបន្តពីសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានចាប់បដិសន្ធិនៅថ្ងៃ២ធ្នូ ១៩៧៨ ។ យុទ្ធនាការ ( សៀមរាប ផ្ទះខ្ញុំ ) ដែលជាយុទ្ធនាការមួយនៃមហាគ្រួសារយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំពិធីរំលឹកខួបមួយឆ្នាំរបស់ខ្លួននាព្រឹកថ្ងៃទី២៥ ខែឧសភានេះ ។
លោក ទៀ ទីហា ដែលជាប្រធានដឹកនាំចលនាសកម្មភាពសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានអញ្ជើញសមាជិកនៃមហាគ្រួសារមួយនេះ រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ចូលរួក្នុងកម្មវិធីនេះ ហើយកម្មវិធីទាំងមូល មានក្តីសោមន្ស រីករាយ ទទួលស្វាគមន៍ជាគណអធិបតីពីសំណាក់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម លោកជំទាវ ក្នុងជួរគណអភិបាលខេត្តសៀមរាប ផងដែរ ។
នៅក្នុងមតិស្វាគមន៍របស់ លោក ទៀ ទីហា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរំលឹកឲ្យដឹងថា យុទ្ធនាការសៀមរាបផ្ទះខ្ញុំ ចាប់ផ្តើមសកម្មភាពរបស់ខ្លួននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣ ក្រោមអធិបតីភាពលោក ឃឹម ប៊ុនសុង អភិបាលនៃគណអភិបាលខេត្តសៀមរាប ។
យុទ្ធនាការសៀមរាបផ្ទះខ្ញុំ រួមមានប្រធានបទចំនួន៣ជាសំខាន់ ក្នុងនោះ ទី១ គឺការបំផុសចលនាសម្អាតបរិស្ថានក្រុង ទី២ ការដាំកូនឈើមួយលានដើម និងប្រធានបទទី៣ គឺឆ្ពោះទៅរកការបំផុសចលនាសកម្មភាព និងអប់រំអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។ ឯកឧត្តម បានបន្តថា បន្ថែមពីលើប្រធានបទទាំង៣នេះ យុទ្ធនាការសៀមរាបផ្ទះខ្ញុំ បានចូលរួមយ៉ាងសកម្ម ជាមួយព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៤ ផងដែរ ។
លោក ប៊ុន ថាឫទិ្ធ អភិបាលរងខេត្តសៀមរាប មានចំណាប់អារម្មណ៍ថា ជាមួយនឹងការចូលរួមក្នុងយុទ្ធនាការសៀមរាបផ្ទះខ្ញុំ ដោយការចូលរួមនៃចលនាមហាជនមកពីគ្រប់មជ្ឈដ្នាន ដូចជាបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រតិបត្តិករទេសចរណ៍ សិស្ស-និស្សិត យុវជនអង្គរ យុវជនកាយរទ្ធិ យុវជនកាកបាទក្រហមកម្ពុជា សហគ្រិនវ័យក្មេង និង បងប្អូនប្រជាពលរដ្ឋ ក្នុងនេះក៏មានការចូលរួមផងដែរ អាជ្ញាធរខេត្តសៀមរាបនោះ យុទ្ធនាការនេះត្រូវបានទទួលជោគជ័យ ជាបន្តបន្ទាប់ ក្នុងនេះដែរ រយៈពេល១ឆ្នាំកន្លងមក តាមរបាយការណ៍របស់ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានបង្ហាញឲ្យដឹងថា ក្រោមប្រធានបទ សម្អាតបរិស្ថានក្រុងត្រូវបានបើកយុទ្ធនាចំនួន៤លើក ។
ប្រធានបទទី២ គឺការដាំកូនឈើឲ្យបាន១លានដើម បានធ្វើសកម្មភាពយុទ្ធនាការចំនួន១លើកនៅជើងភ្នំគូលែន និងប្រធានបទទី៣ ស្តីអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើសកម្មភាពយុទ្ធនាការចំនួន ២លើក នៅក្នុងក្រុងសៀមរាប ។ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងនៅក្នុងសេចក្តីថ្លែងសន្ទរកថា ដោយបានសម្តែងនូវការដឹងគុណចំពោះបុព្វការីជន និងរៀមច្បងយុវជននៃចលនាសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានត្រួសត្រាយផ្លូវ និងបានបន្សល់ទុកនូវឱកាសសម្រាប់យុវជនជំនាន់ក្រោយបន្តវេន ។
លោក ក៏បានថ្លែងនូវការកោតសរសើរផងដែរចំពោះថ្នាក់ដឹកនាំ និង ប្អូនៗជាសមាជិកមហាគ្រួសារ ក្រោមដំបូលនៃចលនាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ដែលបានរួបរួមកម្លាំងមហាសាមគ្គី ច្នៃប្រឌិតធ្វើសកម្មភាពចេញពីគោលដៅការងារថ្នាក់កណ្តាល បង្កើតបានជាយុទ្ធនាការសៀមរាបផ្ទះខ្ញុំ ដែលជាសកម្មភាពមួយនៅក្នុងចំណោមសកម្មភាព
ជាច្រើនទៀត ដើម្បីសង្គមជាតិមួយ ពោរពេញដោយធនធានមនុស្ស ពិតប្រាកដ ប្រកបដោយសមត្ថភាព បទពិសោធន៍ និង មនសិការ ហើយយើងសង្ឃឹមថា ឆ្លងកាត់សមិទ្ធផល ដែលសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបានកន្លងមក យើងនឹងបន្តកិច្ចការពង្រឹង និង កសាងបានជាវិជ្ជមានបន្ថែមទៀត ទាំងប្រសិទ្ធិភាព និង កម្លាំងចលកររបស់សហភាពសហព័ន្ធយុវជនកម្ពុជាយើង ហើយយើងនឹងបន្តដំណើរ ឆ្ពោះទៅរកការអភិវឌ្ឃន៍ ជានិរន្ត តទៅ ។