សៀមរាប: លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ៖ ការកសាងសមត្ថភាព និងការអភិវឌ្ឍន៍ធនធានមនុស្ស គឺវាមានសារសំខាន់ណាស់ ព្រោះថា បើគ្មានធនធានមនុស្ស គឺមិនអាចអភិវឌ្ឃន៍ប្រទេសជាតិបាននោះឡើយ ហើយតាមរយៈនៃកម្មវិធីនយោបាយនេះ រាជរដ្ឋាភិបាលបានប្រើប្រាស់ធ្វើជាយាន ក្នុងការធ្វើដំណើរលើផ្លូវសន្តិភាព ឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ។
លោក បានលើកឡើងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅសាលាសណ្ឋាគារនិងទេសចរណ៍ (ប៉ូលឌុយប្រ៊ូល)ក្រុងសៀមរាប ក្នុងឱកាសបិទវគ្គជំនាញផ្នែកបដិសណ្ឋារកិច្ច ទេសចរណ៍ ចុងភៅ ផ្នែកធ្វើនំ និងផ្នែកថ្នាក់ត្រៀមភាសាអង់គ្លេស និងចែកជូនវិញ្ញាបនបត្រជូនដល់សិក្ខាកាម ចំនួន២៥៥នាក់ ក្នុងនេះ មានសិក្ខាកាមនារី ចំនួន ១៦៦នាក់ ។
លោកពេជ សោភ័ន បានថ្លែងបញ្ចាក់ផងដែរថា ៖ នៅក្នុងចំនួនប្រជាពលរដ្ឋកម្ពុជាប្រមាណជាង១៤លាននាក់ ក្នុងនោះ ប្រជាពលរដ្ឋដែលកំពុងមានការធ្វើ មានប្រមាណជា ជាង៧លាននាក់ ហើយក្នុងនេះដែរ ភាគច្រើនគឺជាអតិពលកម្ម (អ្នកធ្វើការដោយប្រើកម្លាំងបាយ) ដែលទទួលបានកម្រៃទាប ។ លោកបញ្ចាក់ថា ៖ ផ្អែកលើគោលនយោបាយស្តីពីមុខរបរ រាជរដ្ឋាភិបាល បាននិងកំពុងមានគោលដៅ កែប្រែអតិពលកម្ម ឲ្យទៅជាកម្លាំងជំនាញ ដើម្បីទទួលបានកម្រៃខ្ពស់ ។ លោកបានបញ្ជាក់បន្ថែមទៀតថា គោលដៅនេះ គឺដើម្បីឆ្លើយតបទៅនឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ។ ឯកឧត្តមបន្តទៀតថា សហគមន៍សេដ្ឋកិច្ចអាស៊ាន បានឯកភាពគ្នាលើ៨មុខរបរ ដែលបណ្តាប្រទេសក្នុងអាស៊ាន ត្រូវបានធ្វើការទំនាក់ទំនងទីផ្សារពលកម្ម ឬទីផ្សារការងារជាមួយគ្នា ក្នុងនោះរួមមាន ឯកទេសវិជ្ជាជីវៈទេសចរណ៍ផងដែរ ។ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានថ្លែងឲ្យដឹងដែរថា៖ ស្របតាមស្មារតី នៃសមាហរណកម្មអាស៊ាន(AEC) ក្រសួងទេសចរណ៍បានយកចិត្តទុកដាក់ក្នុងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន(MRA) ដោយមានគណកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ជាអ្នកទទួលបន្ទុក អនុវត្តកិច្ចព្រមព្រៀងនេះ ។ លោកបញ្ជាក់ថា ! កិច្ចព្រមព្រៀង MRA មានគោលបំណងសម្រួលឲ្យមានការបន្លាស់ទីការងារអ្នកជំនាញទេសចរណ៍អាស៊ានដែលមានសមត្ថភាព និង មានការទទួលស្គាល់ដោយបណ្តាប្រទេសអាស៊ានទាំង១០ លើចំនួន៣២ជំនាញ ក្នុងនោះសេវាកម្មសណ្ឋាគាររួមមាន០៤ផ្នែក គឺផ្នែកការិយាល័យជួរមុខ គេហកិច្ច អាហារនិងភេសជ្ជៈ និងផ្នែកផលិតអាហារ ក្រៅពីនេះនៅមានផ្នែកសេវាកម្មធ្វើដំណើរផងដែរ ។ កញ្ញា Helga Nagy នាយិកា សាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុយប្រ៊ូល បានបង្ហាញថា ៖ ចាប់តាំងពីឆ្នាំ២០០២មក សាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូលឌុយប្រ៊ូល បានចូលរួមអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ និងបានផ្តល់នូវជំនាញវិជ្ជាជីវៈពិតប្រាកដដល់សិស្សានុសិស្ស សារុប២.៣២៦នាក់ ហើយអ្នកទាំងនោះប្រមាណជា ៩០% កំពុងបំរើការងារដោយផ្ទាល់ក្នុងវិស័យទេសចរណ៍ ។ សម្រាប់ជំនាន់ទី១៤ ឆ្នាំសិក្សា២០១៥-២០១៦នេះ ត្រូវបានអបអរសាទរចំពោះជ័យលាភីសម្រាប់សិស្សចំនួន ២៥៥នាក់ ក្នុងនេះមានសិស្សជ័យលាភីជានារីចំនួន ១១៦នាក់ លើជំនាញទេសចរណ៍ បដិសណ្ឋារកិច្ច ចុងភៅធ្វើម្ហូបអាហារ ផ្នែកធ្វើនំ-បង្អែម និងសិស្សថ្នាក់ត្រៀមភាសាអង់អ្លេស ក្នុងនេះដែរមានសិក្ខាកាមចំនួន១៥នាក់ បានបញ្ចប់ការសិក្សារយៈពេល ០២ឆ្នាំ ៕ ដោយគឿនវេត