សៀមរាប លោក វ៉ាំងសង់ រ៉ូវិនសិន ជាយុវជនមួយរូបមកពីប្រទេសបាំង ក្នុងចំណោមយុវជន យុវនារី ប្រមាណជាងង ២០នាក់ មកពី៧ប្រទេស ក្នុងកម្មវិធីយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោកនៅអង្គរ បានបង្ហាញនូវការភ្ញាក់ផ្អើល ចំពោះអ្វីដែលជាសិក្សារបស់ខ្លួន ត្រូវបានបើកបង្ហាញនូវភាពអស្ចារ្យ អំពីស្ថាបត្យកម្មបូរាណខ្មែរ ដែលបានកសាងឡើងកាលពីជិត១០០០ឆ្នាំមុន ( សតវត្សរ៍ទី១២ ) ។ប្រាសាទនាគព័ន្ធ ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ គឺជាគោលដៅនៃការសិក្សារបស់ក្រុមយុវជនស្ម័គ្រចិត្តទាំងនោះ ក្រោមការរៀបចំដោយអាជ្ញាធរជាតិអប្សរា មុននឹងបន្តទៅកាន់ទីតាំងផ្សេងៗទៀតក្នុងតំបន់អង្គរ លើប្រធានបទ គុណប្រយោជន៍នៃប្រព័ន្ធទឹក នាសម័យកាលចក្រភពអង្គរ និងលទ្ធផលនៃការស្តារឡើងវិញប្រព័ន្ធទឹកទាំងនោះនាសម័យកាលបច្ចុប្បន្ន ដើម្បីធានានិរន្តភាពនៃការប្រើប្រាស់ ក្នុងប្រយោជន៍ការពារភាពរឹងមាំនៃលំនឹងប្រាសាទ ។ ការសិក្សានោះ បានបង្ហាញឲ្យឃើញថា អាងបារាយណ៍និងប្រព័ន្ធទឹកទាំងនោះ មិនត្រឹមតែបានរក្សាទឹកនៅលើដី និងទឹកក្រោមដីប៉ុណ្ណោះទេ តែក៏ត្រូវបានធានា ដល់ការរារាំងទឹកជំនន់ នៅក្នុងតំបន់អង្គរផងដែរ ។
យុវជនបារាំងរូបនោះនិយាយថា ការងារសិក្សាស្រាវជ្រាវ និងស្តារប្រឡាយបូរាណទាំងនោះពិតជាស្មុគស្មាញ លំបាកទាំងណាស់ ក៏ប៉ុន្តែ អាជ្ញាធរអប្សរា ធ្វើបានយ៉ាងល្អ ។ រ៉ូវិនសិន និយាយថា បើរាប់ថយក្រោយជិត១០០០ឆ្នាំ បុព្វបុរសបណ្តាប្រទេសនៅអ៊ឺរ៉ុប ជួបតែនឹងបញ្ហាសង្គ្រាមតែប៉ុណ្ណោះ ហើយបើក្រឡេកមើលមកសម័យកាលនៃចក្រភពអង្គរ ក្នុងអាយុកាលរាប់ថយក្រោយដូចគ្នា បុព្វបុរសខ្មែរ បានកសាងឡើងនូវកំពូលអរិយធម៌ វប្បធម៌ដ៏ខ្ពង់ខ្ពស់ ប្រាង្គប្រាសាទជាច្រើន បានរក្សាទុកនូវស្ថាបត្យកម្មល្អគ្មានពីរលើពិភពលោក ជាមួយនោះប្រព័ន្ធការពារលំនឹងប្រាសាទទាំងនោះ ក៏ត្រូវបានកសាងឡើង មានលក្ខណៈវិទ្យាសាស្ត្រ តាំងតែពីជិត១០០០ឆ្នាំមុន មកម្លេះ ។
យុវជនបារាំង ( វ៉ាំងសង់ រ៉ូវិនសិន ) បង្ហាញថា នេះគឺជាចំណុចចាប់អារម្មណ៍របស់ខ្លួន ដែលយុវជនបារាំងរូបនោះ បានគិតទុករួចជាស្រេចហើយថា គឺមិនអាចលាក់ទុកការសិក្សាទាំងនេះ ជាចំណេះផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែនឹងត្រូវបង្ហាញទៅដល់មិត្តភក្ត្រ បងប្អូន ជាពិសេសនោះ មនុស្សលើពិភពលោក ត្រូវដឹងអំពីប្រវត្តិសាស្ត្រនេះ ៕