ប្រជាកសិករក្នុងខេត្តក្រចេះ សម្រុកបង្កបង្កើនផលឡើងវិញ ក្រោយរដូវទឹកសម្រក និងបន្ទាប់ពីទទួលបានគ្រាប់ពូជពីរាជរដ្ឋាភិបាល

0

ខេត្តក្រចេះ៖ ប្រជាកសិករដែលរងផលប៉ះពាល់ពីរបបទឹកទន្លេមេគង្គ និងការជោរជន់លិចដោយសាររបបទឹកភ្លៀង នាពេលថ្មីៗកន្លងមកនេះ បានរូតរះម្នីម្នារសម្រុកដាំដំណាំស្រូវឡើងវិញ ដើម្បីស្តារជីវភាពគ្រួសារ ក្រោយរដូវទឹកសម្រក និងបន្ទាប់ពីទទួលបានគ្រាប់ពូជពីរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរខេត្តក្រចេះនោះមក។

ប្រជាកសិករជាង ៥០ភាគរយនៃគ្រួសារ ដែលទទួលបានគ្រាប់ពូជពី រាជរដ្ឋាភិបាល ត្រូវគេឃើញ បាននិងកំពុងសស្រាកសស្រាំនៅក្នុងការភ្ជួររាស់ ដកស្ទូង ដើម្បីពន្លឿនឱ្យទាន់រដូវវស្សា និងបន្ទាប់ពីរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង នៅក្នុងខេត្តក្រចេះ។

យោងតាមរបាយការណ៍ មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តក្រចេះ បានបង្ហាញឱ្យដឹងនៅថ្ងៃ១៥តុលានេះថា គិតត្រឹមថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៤ ប្រជាកសិករបានធ្វើការស្ដារឡើងវិញ នូវដំណាំស្រូវបានចំនួន ៥១ ភាគរយ នៃចំនួន ៦០៥៧ គ្រួសារ ដែលទទួលបានគ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាល។

របាយការណ៍ដដែលបានបញ្ជាក់ថា ផ្ទៃដីដែលត្រូវធ្វើការស្ដារឡើងវិញ នៅក្នុងខេត្តក្រចេះមានចំនួន  ៥,៨៧២ ហិកតា និងនៅពេលនេះក្នុងការស្ដារឡើងវិញបានចំនួន ៤៩ ភាគរយ នៃផ្ទៃដីដែលត្រូវស្ដារ និងផ្ទៃដីដែលមិនទាន់បានស្ដារឡើងវិញ ដោយសារទឹកមិនទាន់ស្រក់ផុត។

របាយការណ៍ក៏បានបង្ហាញពីចំនួនគ្រួសារ ដែលទទួលបានគ្រាប់ពូជស្រូវពី រាជរដ្ឋាភិបាល​ ដើម្បីស្ដារឡើងវិញ នៅតាមបណ្ដាក្រុង ស្រុកក្នុងខេត្តក្រចេះ រួមមាន៖ ក្រុងក្រចេះ បានទទួល ១៨៣ គ្រួសារ ,ស្រុកឆ្លូង បានទទួល ១៣២៥ គ្រួសារ ,ស្រុកព្រែកប្រសព្វ បានទទួល ២០៨៨ គ្រួសារ ,ស្រុកចិត្របុរី បានទទួល ២៣៦៩ គ្រួសារ និងស្រុកសំបូរ បានទទួល ៩២ គ្រួសារ ផងដែរ៕ ដោយ៖ឡុង សំបូរ