អង្គការសង្គមស៊ីវិលខេត្តកំពង់ធំ អំពាវនាវឱ្យភាគីថៃ​ដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ដោយឥត​លក្ខខណ្ឌ និងអនុវត្តបទឈប់បាញ់ដោយភាពស្មោះត្រង់

0

កំពង់ធំ៖ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករង​ខុទ្ទកាល័យ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន​ក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និង​ឯកឧត្តម អ៊ុន បុត្ត អភិបាលរង នៃ​គណៈ​អភិបាលខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញ​ចូលរួម​ជា​គណៈអធិបតីក្នុងវេទិកាសន្ទនាស្តីពី(កិច្ចសហប្រតិបត្តិការ​ក្នុងភាពជា​ដៃគូ​ដើម្បីពង្រឹង​សមត្ថភាព​អង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី) រៀបចំដោយ វ.ស.ស. នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយ​មាន​ការ​អញ្ជើញចូលរួមពីតំណាងមកពីអង្គការ សមាគម សហគមន៍ និងសហជីពក្នុងខេត្ត រួមទាំងមន្ទីរ​ជំនាញ​មកពី​រដ្ឋបាលខេត្តកំពង់ធំជាច្រើនរូប។

ឯកឧត្តម អ៊ុន បុត្រ អភិបាលរងខេត្តកំពង់ធំ បានសាទរ​ចំពោះការរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនាពេលនេះ ដែលជាការបង្កើត​នូវឱកាស​សម្រាប់​ការពង្រឹង និងពង្រីកដៃគូសហការ ការលើកកម្ពស់​សុខដុមនីយកម្ម​វិស័យសង្គមស៊ីវិលនៅកម្ពុជា តាមរយៈ​ការពង្រឹងទំនាក់ទំនងប្រកបដោយភាពស្មោះត្រង់ រវាង​រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ និង​អង្គការ​សង្គមស៊ីវិល ដើម្បីបន្តចូលរួមផ្តល់​សេវា​សង្គម​ អភិវឌ្ឍ​តាមមូលដ្ឋានជនបទ និងសហគមន៍។ ឯកឧត្តមក៏បាន​ថ្លែង​នូវការកោតសរសើរចំពោះសមិទ្ធផល​របស់​អង្គការ​សង្គម​ស៊ីវិលនាពេលកន្លងមក ដែលបាន​ចូលរួម​ចំណែក​យ៉ាង​សកម្មក្នុងវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ សុខាភិបាល សិទ្ធិមនុស្ស បរិស្ថាន និងការអភិវឌ្ឍ​មូលដ្ឋានជាដើម។

ថ្លែងក្នុងអង្គវេទិកានាព្រឹកនេះ ឯកឧត្តមប្រធាន​ក្រុមប្រឹក្សា​ភិបាល វ.ស.ស. បានថ្លែងនូវការកោតសរសើរ​ និង​វាយ​តម្លៃខ្ពស់​ចំពោះកិច្ចសហការល្អរវាង​អអាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិលទាំងក្នុងខេត្តកំពង់ធំ និង​សមិទ្ធផល​​នាពេលកន្លងមក ដែលបានចូលរួមចំណែក​យ៉ាង​សំខាន់ក្នុងការលើកកម្ពស់ជីវភាព​រស់នៅ​ និង​សុខុមាលភាព​​របស់ប្រជាពលរដ្ឋ។
ឯកឧត្តម​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​អង្គការសង្គមស៊ីវិល​បន្តគោរព​ច្បាប់ជា​ធរមាន ដើម្បីបង្ហាញអំពីតម្លាភាព សុចរិតភាព និងការ​បង្កើនទំនុកចិត្តពីសំណាក់សាធារណជននិងម្ចាស់ជំនួយ និង​បន្តចូលរួមដោយស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ដើម្បី​ថែរក្សា​សុខសន្តិភាព ស្ថិរភាពយូរអង្វែង និងការ​អភិវឌ្ឍ​​ដោយចីរភាព ស្របតាមចក្ខុវិស័យ​និង​គោលនយោបាយ​អភិវឌ្ឍរបស់រាជរដ្ឋាភិបាល ក្រោម​មគ្គុទ្ទេសក៍​ដឹកនាំ​ដ៏ឆ្នើម​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ចំពោះ​ស្ថានការណ៍ព្រំដែន​ជាមួយប្រទេសថៃ​នាពេល​បច្ចុប្បន្ន ឯកឧត្តម​ក៏បាន​លើកទឹកចិត្ត​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ត្រូវតែ​បន្តស្មារតីរួមសាមគ្គី និងបង្កើនស្មារតី​ស្នេហា​ជាតិ ព្រមទាំងជឿជាក់​ចំពោះ​ការ​ដោះស្រាយបញ្ហា​ព្រំដែន​របស់រាជរដ្ឋាភិបាល តាមរយៈយន្ដការការទូត និងសន្ដិវិធី ដើម្បី​ការពារ​ឧត្តមប្រយោជន៍​ជាតិ​និង​លើកស្ទួយ​កិត្យានុភាព​ប្រជាជាតិ​កម្ពុជា​នៅលើ​ឆាកអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ អង្គការសង្គមស៊ីវិលខេត្តកំពង់ធំ​បាន​រួមគ្នាចេញញត្តិ​ដោយ​ប្រកាស​គាំទ្រយ៉ាងពេញ​ទំហឹង​ចំពោះ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ក្រោមការដឹកនាំ​ប្រកប​ដោយគតិបណ្ឌិតនិង​ភាពប៉ិនប្រសប់​របស់​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុងបុព្វហេតុ​ការពារ​អធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យភាព​កម្ពុជា។

អង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ធំ ក៏បានប្រកាសថ្កោល​​ទោស​យ៉ាងដាច់អហង្ការ​ចំពោះការឈ្លានពាន​របស់​កងទ័ពថៃ​មកលើបូរណភាពទឹកដីកម្ពុជា និងបាន​អំពាវនាវ​យ៉ាងទទូចដល់សហគមន៍អន្តរជាតិ ស្ថាប័ន​អន្តរជាតិ និងបណ្តាប្រទេសមហាអំណាច ជួយ​អន្ដរាគមន៍​​ជំរុញ​ឱ្យរដ្ឋាភិបាល​និងយោធាថៃ​ដោះលែង​ដោយ​ឥតលក្ខខណ្ឌនូវវីរកងទ័ពកម្ពុជាទាំង១៨រូប និងត្រូវគោរព​អនុវត្តឱ្យ​បានខ្ជាប់ខ្ជួន​ និង​ដោយស្មោះត្រង់​ចំពោះ​​បទឈប់បាញ់ ដោយបញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​​បង្កប្រទូសរ៉ាយតាមព្រំដែន ព្រមទាំង​ស្នើឱ្យ​ភាគីថៃ​រើចេញ​នូវ​បន្លាលួស​ដែល​បាន​រាយ​ដោយ​រំលោភ​លើបូរណភាព​និង​អធិបតេយ្យភាព​កម្ពុជា ដើម្បី​នាំ​សភាពការណ៍​ព្រំដែន​ត្រឡប់ទៅ​រក​ប្រក្រតីភាព​វិញ និង​ធានា​សន្តិភាព​យូរអង្វែង​នៅតំបន់​ព្រំដែន​នៃប្រទេស​ទាំងពីរ និងជាការរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពក្នុងតំបន់។ អត្ថបទលោក ធូ កែវមុន្នី