អភិបាលស្រុកស្ទោង លើកទឹកចិត្តអាជ្ញាធរឃុំ រៀបចំអភិវឌ្ឍន៍មូលដ្ឋានកុំឱ្យជាន់គ្នាជាមួយនឹងគម្រោងផ្សេងៗ

0

កំពង់ធំ÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីដេញថ្លៃគម្រោងមូលនិធិឃុំកំពង់ចិនជើង នៅព្រឹកថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២៥ នៅសាលាឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

ទន្ទឹមនឹងនេះលោកបានកោតសរសើរខ្ពស់ដល់អាជ្ញាធរឃុំកំពង់ចិនជើង ដែលបានលើកយកពីបញ្ហាកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានលើកឡើងនៅក្នុងវេទិកាសាធារណៈរបស់រដ្ឋយកមកអនុវត្ត ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍមូលនិធិឃុំរបស់ខ្លួនដែលជាការឆ្លើយតបបន្ទាន់ ជាក់ស្ដែងបំផុតចំពោះមុខប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងនេះលោកបានសាទរនូវ ដំណើរការដេញថ្លៃប្រកបដោយតម្លាភាពដែលស្ថិតនៅក្រោមក្រសែភ្នែកអ្នកសារព័ត៌មានជាច្រើនអង្គភាព តំណាងក្រុមហ៊ុនអ្នកដេញថ្លៃ ក៏ដូចជាពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប ផងដែរ។

លើសនេះលោកបានសំណូមពរដល់ក្រុមហ៊ុនដែលជាអ្នកទទួលការឈ្នះក្នុងការដេញថ្លៃគម្រោងនេះត្រូវអនុវត្តគម្រោងក៏ដូចជាកសាងផ្លូវនេះឱ្យបានឆាប់ទៅតាមស្ថានភាពជាក់ស្តែង ដើម្បីជូនពុកម៉ែបងប្អូននៅក្នុងមូលដ្ឋានបានប្រើប្រាស់ និងធ្វើដំណើរឱ្យបានឆាប់ មានសុវត្ថិភាពដែលសមស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។

សូមបញ្ជាក់ថា គម្រោងដែលដាក់ឱ្យដេញថ្លៃនៅក្នុងឱកាសនេះគឺជាផ្លូវលំក្រួសក្រហមដែលមានប្រវែង៧០០ម៉ែត្រ លូ១កន្លែង និងស្លាកគម្រោង១ផ្ទាំង ដែលស្ថិតនៅក្នុងគម្រោងថវិកាប៉ាន់ស្មានសរុប៧៥,៤៧៤,៧៦៥ រៀលគត់ផងដែត ៕