សៀមរាប៖ អាជ្ញាធរខេត្តបានរៀបចំពិធីសំណេះសំណាលជា មួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនបុគ្គលិកអនាម័យ សាលាខេត្ត និង ជូនថវិកាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០២៥នេះ។
មានប្រសាសន៍សំណេះសំណាលនោះដែរ ប្រាក់ សោភ័ណ អភិបាលខេត្ត បានណែនាំដល់មន្ត្រីរាជការសាលាខេត្តទាំងអស់ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និងមានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងបម្រើនូវសេវាជូនប្រជាជនឲ្យបានទាន់ពេលវេលា និងធ្វើការគ្រប់គ្រងឲ្យបានល្អ ចំពោះមន្ត្រីក្រោមឱវាទនៃទីចាត់ការ អង្គភាព និង មានការទំនាក់ទំនងល្អ ជាមួយបណ្តាមន្ទីរ អង្គភាព និងភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ក្នុងលក្ខណៈជាគ្រួសារតែមួយ នៃមហាគ្រួសារមន្ត្រីរាជការសាលាខេត្តសៀមរាប ដែលឆ្លងតាមរយៈការបំពេញការងារនឿយហត់ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកអនាម័យសាលាខេត្ត អស់រយៈពេល១ឆ្នាំមកនេះ ធ្វើឲ្យទទួលបាននូវលទ្ធផល ជាផ្លែផ្កាជាទីមោទនក្រៃលែង ហើយជាសំខាន់នោះក្នុងពេលមានសភាពការណ៍នៅតាមព្រំដែន ដែលមានការឈ្លានពានរបស់ទាហានថៃ បងប្អូនបានសហការគ្នាបានល្អ ក្នុងការគ្រប់គ្រងជំនួយឧបត្ថម្ភពីសម្បុរសជនជិតឆ្ងាយ ក្នុងការឧបត្ថម្ភ ផ្គត់ផ្គង់គ្រប់គ្រងដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក និង គ្រួសារកងទ័ព ព្រមទាំងគាំទ្រដល់កងទ័ពសមរភូមិមុខ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្ត មិន បានរៀបចំព្រះរាជពិធីបុណ្យអុំទូកនោះទេ តែមានការរៀបចំផ្សារទឹក និងជឹះទូកកម្សាន្តតាមបណ្តោយស្ទឹងប្រវត្តិសាស្ត្រ សៀមរាប ក្នុងការបម្រើដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ។ ឯកឧត្តមអភិបាលខេត្តបន្ដថា នេះជាប្រពៃណីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ និង បុណ្យចូលឆ្នាំថ្មី ដែលជាទំនៀមទំលាប់ប្រពៃណីជាតិខ្មែរម្តងៗ តែងតែធ្វើការជួបសំណេះសំណាលជាមួយមន្ត្រីចូលនិវត្តន៍ ដែលជារៀមច្បង និង មន្ត្រីរាជការ បុគ្គលិកអនាម័យសាលាខេត្តសៀមរាបទាំងអស់ ព្រមទាំងឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងថវិកា ដើមី្បឲ្យគាត់យកទៅប្រើប្រាស់ទៅតាមសេចក្តីតម្រូវការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ម៉្យាងទៀត គឺ ដើម្បីឲ្យមន្រ្ដីរាជការធ្វើនូវចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដើម្បីឧទិ្ទសកុសលផល បុណ្យជូនដល់វិញ្ញាណក្ខន្ត លោកអ្នកមានគុណ ញាតិកាប្រាំពីរសន្ដាន ដែលបានចែកឋានទៅ ពិសេសជូនដល់វីរៈកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ តាមរយៈព្រះសង្ឃជាស្រែបុណ្យ ព្រមទាំងសូមឲ្យវិញ្ញាណក្ខន្ធអ្នកទាំងអស់ បានទទួល និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយឲ្យបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។
ក្នុងពិធីនេះ អភិបាលខេត្តក៏បានធ្វើការប្រគល់ថវិកាឧបត្ថម្ភ ជានិមិត្តរូបដល់បណ្តាទីចាត់ការ អង្គភាពទាំង៦ និងតំណាងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងបុគ្គលិកអនាម័យ ក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជា ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌផងដែរ៕






































