កំពង់ចាម: ឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះបានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស បានអញ្ជើញចុះធ្វេីការសិក្សា វាយតម្លៃគម្រោងសាងសង់កំពង់ផែទេសចរណ៍ និង
ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម។
គួរបញ្ជាក់ថា ដោយសារខេត្តកំពង់ចាមមានសក្ដានុពលផ្នែកទន្លេសម្រាប់ទេសចរណ៍ជាតិ-អន្តរជាតិ ចូលមកកម្សាន្ត ក៏ដូចជានាវាទេសចរណ៍អន្តរជាតិ ចូលមកសំចតរយៈពេលយូរ ដើម្បីភ្ញៀវទេសចរណ៍ អាចកម្សាន្តតាមរមនីយដ្ឋាននានា និងអាចបន្តទៅកម្សាន្តនៅខេត្តផ្សេងទៀត ដោយកំពង់ផែដែលនាវាទេសចរណ៍ចូលចតសព្វថ្ងៃនេះ ពុំទាន់មានភាពល្អប្រសើរនៅឡើយទេ ជាហេតុនាំឱ្យមានតម្រូវការកំពង់ផែទេសចរណ៍ស្តង់ដារមួយដែលមានសុវត្ថិភាព សោភ័ណ្ឌភាពសមរម្យសម្រាប់នាវាទេសរចរណ៍អន្តរជាតិចូលមកសំចត។
បន្ទាប់ពីបានចុះពិនិត្យ សិក្សា និងវាយតម្លៃរួចមក ឃើញថាស្ថានភាពទីតាំងមានភាពអំណោយផលល្អ ដោយសារមិនមានផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ដែលនេះជាបច្ច័យល្អមួយសម្រាប់ គម្រោងដែល នឹងត្រូវសាងសង់នេះ ហើយទីតាំងធំងាយស្រួលចាត់ចែងជារចនាសម្ព័ន្ធកំពង់ផែ ដូចជាការសាងសង់បន្ទប់រង់ចាំសម្រាប់ភ្ញៀវទេសចរណ៍ បន្ទប់អនាម័យជាដើម ចំណែកច្រកចូលផ្លូវទឹកសម្រាប់នាវាចូលផែមានជម្រៅទឹកអំណោយផលល្អ និងមានតំបន់ដែលអាចឱ្យនាវារង់ចាំចូលចតបាន។
យ៉ាងណាក្ដីក្រុមការងារបច្ចេកទេសនឹងបន្តសិក្សាលម្អិតបន្ថែមពីលក្ខណៈបច្ចេកទេស លំហូរផ្លូវទឹក បញ្ហាប្រឈម និងឧបសគ្គនានាដែលអាចកើតឡើងលើផ្លូវនាវាចរ ឱ្យបានល្អិតល្អន់បន្ថែមទៀត ដើម្បីសាងសង់កំពង់ផែទេសចរណ៍ ក្រុងកំពង់ចាមនេះឱ្យមានភាពល្អប្រសើរ ៕






































