សិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពីបច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍

0

សៀមរាប៖ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពីបច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍នៅសណ្ឋាគារសុខាល័យអង្គរ រីសត កាលពី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងវត្កមាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងស្ថាប័នអអ្គភាពមន្ទីរ ពាក់ព័ន្ឋនិង អ្នកផលិតមាតិកា បានចូលរួមប្រមាណជា៤០០នាក់។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មានប្រសាសន៍ថា៖ស្របតាមកម្មវិធីនយោបាយនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងបានបន្តលើកកម្ពស់វិស័យទេសចរណ៍ និងបានគិតគូរ ជម្រុញឲ្យប្រទេសជាតិ អាចដើរទាន់សម័យកាល នៃបច្ចេកវិទ្យា ដោយបានផ្តោតលើកាអភិវឌ្ឍបច្ចេកវិទ្យា ជាគន្លឹះអាទិភាពមួយទៀតផង។ ឯកឧត្តម ប្រាក់ សោភ័ណ សង្កត់ធ្ងន់ទៀតថា៖ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមចំណែក នៃការអភិវឌ្ឍវិស័យទេសចរណ៍ ដែលតម្រូវឲ្យអ្នកពាក់ព័ន្ធគ្រប់រូប និងប្រជាពលរដ្ឋត្រូវតែយល់ដឹង ស្វែងយល់ឲ្យបានកាន់តែច្បាស់ ដើម្បីទាញយកផលប្រយោជន៍ អំពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ ឲ្យបានកាន់តែច្រើនបន្ថែមទៀត។ លើសពីនេះ ក្នុងនាមជាប្រតិបត្តិករទេសចរ ការអភិវឌ្ឍសមត្ថភាពខ្លួនស្របតាមបច្ចេកវិទ្យាឌីជីថល គឺជារឿងសំខាន់ និងចាំបាច់ ដោយត្រូវសិក្សាស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យានៃការគ្រប់គ្រងប្រព័ន្ធនានា ការផ្សព្វផ្សាយទេសចរណ៍ និងការផ្តល់សេវាកម្មតាមរយៈឌីជីថល ជាពិសេសអំពីការការពារខ្លួនលើប្រព័ន្ធឌីជីថលរបស់ខ្លួន។
ថ្លែងសំណេះសំណាលនាពេលនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគូសរំលេចអំពីសារៈសំខាន់នៃការធ្វើឌីជីថលូបនីយកម្មនៅក្នុងវិស័យទេសចរណ៍ ឬ ទេសចរណ៍ឌីជីថល ដើម្បីអាចឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍ , ការផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកប្រើប្រាស់, តម្រូវការទីផ្សារ និងការវិវត្តយ៉ាងឆាប់រហ័សនៃឧស្សាហកម្មទេសចរណ៍។ បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចសកល ហើយនឹងក្លាយជាកាតាលីករជំរុញឱ្យមានការផ្លាស់ប្ដូរដល់វិស័យទេសចរណ៍ ដោយធ្វើឲ្យដំណើរកម្សាន្តរបស់ភ្ញៀវទេសចរកាន់តែមានភាពរលូន និងការទទួលបានការបដិសណ្ឋារកិច្ចកាន់តែពេញចិត្ត និងបំភ្លេចមិនបាន។ ពាក់ព័ន្ធនឹងកិច្ចការងារ ដ៏មានសារៈសំខាន់នេះ ឯកឧត្តម រដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍មួយចំនួនចំពោះក្រុមការងារបរិវត្ដកម្មឌីជីថលរបស់ក្រសួងទេសចរណ៍ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនអក្ខរកម្ម និងបំណិន បច្ចេកវិទ្យាឌីជីថលដល់ប្រតិបត្តិករទេសចរណ៍ និងអ្នកប្រើប្រាស់។ជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការអាជីវកម្មទេសចរណ៍។ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារសុវត្ថិភាព និងសន្តិសុខសាយប័រ ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីបង្កើនចំណេះដឹង ជំនាញ និងបច្ចេកទេសច្បាស់លាស់ និងត្រូវជំរុញការធ្វើទីផ្សារបែបឌីជីផល ដោយរក្សាការធ្វើទីផ្សារបែបប្រពៃណី ចំពោះបរិបទកម្ពុជានាពេលបច្ចុប្បន្ន។ ឯកឧត្តមក៏បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំបង្កើន និងអភិវឌ្ឍចំណេះដឹងវិជ្ជាជីវៈ សមត្ថភាពឲ្យបានជាប់ជាប្រចាំ ព្រមទាំង យកចំណេះដឹង និងសមត្ថភាពដែលខ្លួនមានទៅបំពេញការងារនៅអង្គភាពរបស់ខ្លួន ដើម្បីបង្កើតស្នាដៃ និងលទ្ធផលជូនអង្គភាពរៀងៗខ្លួន។ ត្រូវមានវប្បធម៌ចែករំលែកមេរៀន, បណ្តុះបណ្តាលបន្តផ្ទៃក្នុង, ឬចែករំលែក បទពិសោធ ដែល បាន សិក្សា ជូនដល់សហការីនៅក្នុងអង្គភាពរបស់ខ្លួន ដើម្បី ពង្រឹង និងពង្រីកចំណេះដឹង ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ៕