ដុតកម្ទេចគ្រឿងបង្កកខូចគុណភាពជាង ៣ពាន់គីឡូក្រាម ក្រោយការបង្ក្រាបពីកម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ដឹកនាំសម្របសម្រួលដោយ លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានធ្វើការដុតបំផ្លាញគ្រឿងមាន់បង្កកខូចគុណភាពជាង ៣ពាន់គីឡូក្រាម បន្ទាប់ពីបង្ក្រាប និងរឹបអូសបានខណៈឈ្មួញបាននាំចូលតាមទូកពីប្រទេសឡាវ តាមច្រកព្រំដែនផ្លូវទឹក ស្ថិតក្នុងភូមិកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។

ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ស្រេង វុទ្ធា បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់បញ្ជាផ្ទាល់ពី លោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ  បានចាត់ឲ្យរូបលោក ដឹកនាំសម្របសម្រួលនីតិវីធី ចុះឃាត់រថយន្ដ ២គ្រឿង ដែលដឹកទំនិញគ្រឿងក្នុងមាន់បង្កកចំនួន ៣ពាន់ ៥០០គីឡូក្រាម ដែលខូចគុណភាព ប្រែពណ៌មិនអាចទទួលទានបាន ចូលមកតាមច្រកកំពង់ស្រឡៅ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ  ។

លោក ស្រេង វុទ្ធា បានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចចម្រុះ ចាប់ឃាត់រថយន្ដបាន ២គ្រឿង ១គ្រឿងពាក់ស្លាកលេខ សៀមរាប 2C-6427 ដឹកគ្រឿងក្នុងមាន់ (កោះមាន់) ចំនួន ១ពាន់ ៥០០គីឡូក្រាម និងរថយន្ត ១គ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 3D-7626 ដឹកគ្រឿងក្នុងមាន់ (កោះមាន់) ចំនួន២ពាន់គីឡូក្រាម។ លោកថា រថយន្តទាំងពីរគ្រឿងនោះ បានដឹកទំនិញគ្រឿងក្នុងមាន់បង្កក (កោះមាន់) ខូចគុណភាពប្រែពណ៌មិនអាចប្រើប្រាស់បាន និងពុំមានឯកសារត្រឹមត្រូវ ព្រមទាំងដឹកជញ្ជូនខុសបច្ចេកទេស និងបានធ្វើការដកហូតដុតកម្ទេចចោល។

ក្រោយការបង្ក្រាប និងរឹបអូសបានរថយន្តទាំងពីរគ្រឿង ដែលជាមធ្យោបាយបម្រើឲ្យការប្រព្រឹត្តបទល្មើស ត្រូវបានប្រគល់ទៅឲ្យសាខាគយ និងរដ្ឋាករប្រចាំខេត្តព្រះវិហារ-កំពង់ធំ ធ្វើការផាកពិន័យតាមនីតិវិធីច្បាប់៕ដោយ៖ឡុង សំបូរ