សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំប្រារព្ធ ទិវាប្រកាសរដ្ឋធម្មនុញ្ញ លើកទី៣២ ក្រោមវត្តមានអញ្ជើញចូលរួមរបស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងឯកឧត្តម លោក ជំទាវ ប្រធានតុលាការ
ខេត្ត សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អស់លោកលោកស្រីជា ស្នងការ មេបញ្ជាការ បញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ ស្ថាប័នវិស័យឯកជន ប្រមាណជា៣០០នាក់ចូលរួមក្នុងពិធី នៅសួនច្បារព្រះអង្គចេកព្រះអង្គចម ក្រុង សៀមរាប នៅព្រឹកថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២៥នេះ។
យោងតាមសារាចររបស់រាជរដ្ឋាភិបាល លេខ០១ សរ ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយជាសាធារណ ។ រយៈពេលជាង៣០ឆ្នាំ នៃការអនុវត្តរដ្ឋធម្មនុញ្ញ ក្រោមម្លប់នៃសុខសន្តិភាព និងឯកភាពជាតិ អាស្រ័យដោយ មាននយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យសម្រេចសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លា លើគ្រប់វិស័យ ជាអាទិ៍ ក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពង្រឹងឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី អារ្យធម៌អង្គរដ៏បវរ និងធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនឥតឈប់ឈរ ។
ក្នុងបរិបទដ៏ថ្លៃថ្លានេះ វិមានរដ្ឋធម្មនុញ្ញដ៏ល្អវិចិត្រមួយ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ និងត្រូវបានសម្ពោធកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់នៃ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយនៅពេលនោះ ព្រះអង្គបានប្រោសប្រទានព្រះបរមរាជឱង្ការថា «វិមានរដ្ឋធម្មនុញ្ញ គឺជានីតិបូជនីយដ្ឋាន ដ៏ពិសិដ្ឋតំណាងឲ្យ និមិត្តរូបនីតិរដ្ឋ ដែលមានរដ្ឋធម្មនុញ្ញ ជាកំពូលនៃច្បាប់ផងទាំងឡាយ នៅព្រះរាជាណាចក្រ កម្ពុជាយើង» ។ «សមិទ្ធផលធម្មនុញ្ញដ៏ត្រចះត្រចង់ សម្រេចបានយ៉ាងដូច្នេះ សូមប្រជាជាតិខ្មែរទាំងមូល តាំងចិត្តក្នុងសម្មាទិដ្ឋិ ប្រកាន់យកជានិច្ចនិរន្តរ៍នូវស្មារតី យើងប្រជារាស្ត្រខ្មែរ រួបរួមគ្នា ថែរក្សា ការពារ គោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញជាច្បាប់កំពូល របស់ប្រទេស ជានិមិត្តរូបនៃគុណតម្លៃទំនើបរួមផ្សំបុរាណ ជាការសន្យាចំពោះអនាគតរុងរឿងនៃប្រជាជាតិយើង»។
ក្នុងនោះដែរក៏បានធ្វើការដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (លើកទី១ ) ក្នុងការរំលឹកខួបលើកទី ៣២ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ៕






































