សកម្មភាពបងប្អូនប្រជាពុទ្ធបរិស័ទខេត្តសៀមរាបក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

0

សៀមរាប៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតាតរៀងមក ។ ម្យ៉ាងទៀតពិធីបុណ្យភ្ជុំបិណ្ឌនេះ ពុទ្ធសាសនិកខ្មែរយើង បានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ១៥ រោជ ខែភទ្របទ ត្រូវជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ដែលបងប្អូនជាមន្ត្រីរាជការ អ្នកមុខអ្នកការ ប្រជាពុទ្ធបរិស័ទ ជិតឆ្ងាយបានឈប់សម្រាកពីការងារមកជួបជុំគ្នានាំយកនូវចង្ហាន់ ចំណីអាហារ ទៀនធូក បច្ច័យទៅប្រគេនដល់ព្រះសង្ឃគង់នៅចាំព្រះវស្សានៅតាមទីវត្តអារាមនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ។ ការគោរពប្រពៃណី ទំនៀមទម្លាប់របស់ប្រជាពុទ្ធបរិស័ទខ្មែរយើងកាន់ព្រះពុទ្ធសាសនា គឺនៅតែគោរពប្រតិបត្តិ ទៅតាមធនធាន ដែលខ្លួនធ្វើទៅបានរៀងៗខ្លួន ។ ការគោរពធ្វើបុណ្យភ្ជុំបិណ្ឌនេះឡើង គឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ត មាតា បិតា ជីដូន ជីតា ញ្ញាតិការទាំងប្រាំពីរសណ្តាន និងបុព្វការីជន ដែលលោកបានចែកឋានទីកាន់បរលោកខាងមុខ ។
ដោយឡែកនៅខេត្តសៀមរាបនេះវិញ យើងបានសង្កេតឃើញថា សកម្មភាពក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី២២ ខែកញ្ញានេះ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំ បងប្អូនប្រជាពុទ្ធបរិស័ទ ទាំងចាស់ ទាំងក្មេង យុវជន យុវនារី ដែលលម្អទៅដោយសម្លៀកបំពាក់ចម្រុះពណ៌ សមរម្យជាលក្ខណៈប្រពៃណីខ្មែរ មានសម្ពត់ហួល ផាមួង អាវប៉ាក់ ពិតជានារីខ្មែរ រីឯលោកយាយ លោកតា មានសម្ពត់ចងក្បិន អាវស និងអាវកត្រង់ ខោចែវ បានធ្វើដំណើរដោយប្រកបដោយភាពញញឹមស្រស់ស្រាយ ដោយនាំយកចង្ហាន់ទៅកាន់ទីវត្តនានាក្នុងក្រុង និង ក្រៅក្រុង តាមរថយន្តតូចធំ រ៉ឺម៉ក់ម៉ូតូ ក្រោមភ្លៀងរលឹមឆ្ពោះទៅកាន់ទីវត្តដែលជីដូនជីតា មាតាបិតា ញ្ញាតិការទាំងប្រាំពីរសណ្តាន តម្កល់ទុកនៅទីនោះ ដើម្បីនិមន្តព្រះសង្ឃ តាអាចារ្យធ្វើពិធីបង្សុកូល ឧទិ្ទសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ត ជូនដល់លោកអ្នកមានគុណដែលបានចែកឋានទៅកាន់លោកខាងមុខ ។ ក្នុងសកម្មភាពនោះដែរ យើងក៏សង្កេតឃើញបងប្អូនពុទ្ធបរិស័ទ មុនពេលដែលប្រគេនចង្ហាន់ដល់ព្រះសង្ឃ ក្នុងនោះបងប្អូនពុទ្ធបរិស័ទយើងបានធ្វើការបូជាផ្កាទៀនធូក ថ្វាយចំពោះ ព្រះពុទ្ធរូប ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើងផងដែរ ។ ម្យ៉ាងទៀត យើងក៏សង្កេតទៅតាមទីវត្តនីមួយៗ ឮសូរស័ព្ទតែ សម្លេងព្រះធម៌ ដែលព្រះសង្ឃផ្តល់ពរជ័យ និងបង្សុកូល ក្នុងការឧទិ្ទសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្តលោកអ្នកមានគុណ ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមឲ្យបានទទួលនូវមគ្គផលកុសលផលបុណ្យ ដែលកើតចេញឡើងពីបងប្អូន កូនចៅ ញ្ញាតិមិត្ត បានឧទ្ទិសជូនទៅតាមរយៈព្រះសង្ឃដែលជាស្រែបុណ្យ នៅក្នុងឱកាសដែល ប្រជាពលរដ្ឋខ្មែរ គោរពធ្វើបុណ្យភ្ជុំបិណ្ឌនាពេលនេះ ដើម្បីឧទ្ទិសមហាកុសលជូនដល់ លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំង៧សណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅ ឲ្យមានសេចក្តីសុខសប្បាយ ក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ ។ ក្រោយពីបាននាំគ្នាយក ចង្ហានទៅវេរប្រគេនព្រះសង្ឃ នៅតាមទីវត្តអារាមរួចមក បងប្អូនបានមួយចំនួនបានបន្តដំណើរកម្សាន្ត ទស្សនានៅតាមរមណីយដ្ឋានវប្បធម៌ និង រមណីយដ្ឋានធម្មជាតិ ដោយមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្នុងភាពស្រស់ស្រាយ សប្បាយរីករាយរបស់បងប្អូនរស់ក្រោមដំបូលសន្តិភាព នៃកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រោមគោលនយោបាយឈ្នះៗ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាមានភាពប្រសើរឡើង ។
ក្នុងពិធិបុណ្យភ្ជុំបិណ្ឌនេះដែរ ក៏បានធ្វើការបង្ហាញពីសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ក៏ដូចជីវភាពប្រជាជនកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំកាន់តែឈានឡើង ដែលធ្វើឲ្យពលរដ្ឋយើងគ្រប់រូប បានធ្វើបុណ្យទានទៅតាមសទ្ធាជ្រះថ្លា ទៅតាមធនធានរបស់ខ្លួនផងដែរ ។ ម្យ៉ាងទៀតក៏ជាការបង្ហាញនូវភាពរីករាយ ក្នុងការជួបជុំញាតិមិត្តក្រុមគ្រួសាររបស់ខ្លួន ព្រមទាំងបង្ហាញឲ្យអន្តរជាតិ អំពីលិទ្ធប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាទៀតផង ៕