ប្រជាការពារភូមិទទួលអំណោយពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក

0

សៀមរាប: បងប្អូនប្រជាការពារភូមិ ចំនួន ០៨ភូមិមានចំនួន៤៣នាក់ បានទទួលអំណោយពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកនិងអាជ្ញាធរ សង្កាត់ ចែកជូនគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ ដែលបងប្អូនបានចំណាយកម្លាំងកាយដើម្បីផលប្រយោជន៍ចូលរួមកាយលូស្តារប្រឡាយនិងប្រមូលសំរាមដើម្បីរំដោះជំនន់ទឹកភ្លៀងក្នុងមូលដ្ឋានសង្កាត់គោចកក្រុងសៀមរាប ទីនេះធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២៥នេះ ។
ក្នុងនាមរដ្ឋបាលក្រុង លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប បានមានប្រសាសន៍ថាថ្លែងនូវការកោតសរសើរនិងដឹងគុណយ៉ាងស្មោះអស់ពីចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាការពារ ដែលបានបង្ហាញនូវស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមកសាង និង ការពារមូលដ្ឋាន។ លោកអភិបាលរងក្រុងបានបន្តថា កិច្ចការកាយលូ ស្តារប្រឡាយ និងប្រមូលសម្រាម ដែលបានធ្វើកន្លងមក គឺជាកិច្ចការមួយដ៏សំខាន់ដែលបានចូលរួមចំណែកដោយផ្ទាល់ក្នុងការ កាត់បន្ថយនូវហានិភ័យនៃគ្រោះទឹកជំនន់ និងរក្សាបាននូវ សោភ័ណភាពអនាម័យ ក្នុងមូលដ្ឋានរបស់យើងទៀតផង។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានមានថេរដីកាថាការចែកជូន គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ នៅពេលនេះ គឺជាការបង្ហាញពី ការយកចិត្តទុកដាក់និងការដឹងគុណរបស់ព្រះសង្ឃនិងអាជ្ញាធរមូលដ្ឋាន ជូនដល់កម្លាំងបងប្អូនប្រជាការពារដែលជាសសរស្តម្ភដ៏សំខាន់ ដែលបានលះបង់ទាំង កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីចូលរួមធ្វើការកាយលូ ស្តារប្រឡាយរំដោះទឹក និងប្រមូលសំរាម ក្នុងពេលមានទឹកជំនន់ក្នុងភូមិសាស្ត្រសង្កាត់គោកចក ហើយ ការងារនេះគឺបានជួយកាត់បន្ថយការជន់លិច និងផលប៉ះពាល់ដល់សហគមន៍យើងទាំងមូល ហើយគ្មានការចូលរួមពីបងប្អូនប្រជាការពារយើងទេទេ ការងាររំដោះទឹកនឹងជួបការលំបាកខ្លាំងដែលទង្វើនេះគឺជាគំរូវីរភាពដ៏ល្អមួយដែលបង្ហាញពី ស្មារតីស្នេហាជាតិ និងសាមគ្គីភាព ដ៏រឹងមាំនៅក្នុងមូលដ្ឋានយើងផងដែរ ។ ព្រះតេជ គុណ ហែម គឹមសាន មានថេរដីកាបន្តថា ការផ្តល់ជូនអំណោយគឺមិនច្រើនប៉ុន្មានទេ តែវាគឺជា ទឹកចិត្តនៃការដឹងគុណតិចតួចពីព្រះសង្ឃ និងការយកចិត្តទុកដាក់ របស់អាជ្ញាធរមូលដ្ឋាន ដើម្បីលើកទឹកចិត្តដល់ការលះបង់របស់បងប្អូនទាំងអស់ដែលបានធ្វើដើម្បីសហគមន៍របស់យើង។ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកក៍បានមានថេរដីកាសូមអំពាវនាវដល់បងប្អូនប្រជាការ ពារទាំងអស់ សូមបន្តរក្សាកិច្ចសហការល្អ ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋដទៃទៀត ដើម្បី ពង្រឹងសាមគ្គីភាព និងបន្តធ្វើការងារសង្គមដ៏មានតម្លៃនេះនាពេលអនាគត ហើយព្រះអង្គរួមទាំងអាជ្ញាធរនឹងបន្តគាំទ្រ និងលើកទឹកចិត្តជានិច្ច ហើយបន្តចូលរួមថែរក្សា អនាម័យបរិស្ថាន ជុំវិញលំនៅឋាន និងក្នុងភូមិឲ្យបានស្អាតល្អ ក្រោយពេលទឹកស្រក ដើម្បីបង្ការជម្ងឺឆ្លងរាតត្បាតផ្សេងៗផងដែរ ៕