ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ប៉ែន កុសល្យ នាំយកអំណោសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូន ភរិយាកងទ័ពជួរមុខសម្រាលកូន១នាក់ និងស្ត្រីមានកូនភ្លោះ៣នាក់ នៅមន្ទីរពេទ្យខេត្តកំពង់ចាម

0

កំពង់ចាម: សាខាកាកបាទក្រហមខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ប៉ែន កុសល្យ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូន ភរិយាវីរ:កងទ័ពជួរមុខដែលបានសម្រាលកូន ១នាក់ និងស្ត្រីខ្មែរឥស្លាមដែលបានសម្រាលកូន ភ្លោះ ៣នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។

ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ប៉ែន កុសល្យ បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តី នឹករលឹក និងអាណិតអាសូរបំផុត ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ដែលក្នុងតួនាទី ជាឥស្សរជនឆ្នើមថ្នាក់ជាតិ សម្តេចតែងតែណែនាំឱ្យក្រុមការងារគ្រប់ថ្នាក់ យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះ ក្នុងនោះ ត្រូវផ្តោតជាសំខាន់ទៅលើគ្រួសារវីរៈកងទ័ពជួរមុខ និង ពលរដ្ឋភៀសសឹក ពិសេស ការគាំពារ សុខភាព មាតា ទារក និងកុមារ ដោយមិនរើសអើងឡេីយ ។

ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ប៉ែន កុសល្យ បានផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនភរិយាវីរៈកងទ័ពជួរមុខ រួមមាន ម្សៅ ទឹកដោះគោ សម្ភារមាតា ខោអាវទារក ឃីត ស្ត្រី ១ឈុត ផ្លែឈើស្រស់ ២កន្ត្រក និងថវិកា ចំនួន ១លាន ៥សែន រៀល ។ ព្រមទាំងឧបត្ថម្ភជូនស្ត្រីមានកូនភ្លោះ​ ៣នាក់ នូវសំភារៈប្រើប្រាស់សម្រាប់មាតា និងទារក ៣ឈុត អង្ករ ៥០គក្រ មី ទឹកសុទ្ធ ឃីត (សារុង មុង ភួយ ក្រមា) ផ្លែឈើស្រស់ ២កន្ត្រក ទឹកដោះគោឆៅ និងថវិកាចំនួន ២លានរៀល ផងដែរ ។

គួរបញ្ជាក់ថា ភរិយាវីរៈកងទ័ពជួរមុខទិសប្រាសាទតាក្របី ឈ្មោះចាន់ រ៉ាឌី អាយុ ២៥ឆ្នាំ មាន ទីលំនៅក្នុងភូមិសំពៅផុស ឃុំជីរោទីទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយឡែកស្ត្រីមានកូនភ្លោះ ៣នាក់ ឈ្មោះ សុះ អ៊ីសះ អាយុ ៣៦ឆ្នាំ និង ប្តីឈ្មោះ សារី ម៉ាហ៊ីត មានទីលំនៅក្នុង ភូមិទ្រាទី១ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ គ្រួសារទាំង២នេះ បានមកសម្រាលកូននៅ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ៕