‎ថ្នាក់ដឹកនាំស្រុកប្រាសាទបល្ល័ង្ក ណែនាំដល់កម្លាំងដែលបានឈរជើងការពារតំបន់ភ្នំប្រង់និងតំបន់ជាំក្របី ស្ថិតនៅក្នុងឃុំសាគ្រាម ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់ការពារធម្មជាតិ

0

កំពង់ធំ÷ លោក វណ្ណៈ សោភានិត អភិបាលស្រុកនិងជាប្រធានគណ:កម្មការជាតិដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានណែនាំដល់កម្លាំងដែលបានឈរជើងការពារតំបន់ភ្នំប្រង់និងតំបន់ជាំក្របី ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល័ង្ក ខេត្តកំពង់ធំ លោកថ្លែងបែបនេះនៅក្នុងការអញ្ជើញចុះសួរសុខទុក្ខដល់កងកម្លាំងចម្រុះក្នុងតំបន់ការពារធម្មជាតិនាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ។

លោកប្រធានមានមតិថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ធំ បានបង្កើតក្រុមការងារចម្រុះថ្នាក់ខេត្ត ដើម្បីចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទបល្ល័ង្ក ឱ្យបានគង់វង្សដែលជាសម្បត្តិធម្មជាតិដ៏កម្ររបស់ជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកមកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

‎រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក បានបញ្ជាក់ថា ក្រុមការងារបានចុះបង្ក្រាប ទប់ស្កាត់ជាច្រើនលើករួចមកហើយ និងមានវិធានការបន្តផ្សព្វផ្សាយណែនាំ ធ្វើកិច្ចសន្យាអប់រំ ចំពោះជនកាប់ព្រៃទន្ទ្រានយកដី និងអាស្រ័យផលខុសច្បាប់ ឬអ្នកស៊ីឈ្នួលកាប់ព្រៃឱ្យបញ្ឈប់ សកម្មភាព និងយល់ព្រមចាកចេញពីទីតាំងដែលខ្លួនបានកាប់ទន្ទ្រានយកដោយអនាធិបតេយ្យក្នុងរយៈពេលកន្លងមក។

លោកអភិបាលស្រុក បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងចម្រុះ ដែលបានការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលកន្លងមកនេះមានភាពល្អប្រសើរ។