លោក ជិន ស៊ីថា និងកម្លាំងជំនាញចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផលក្នុងរដូវបើកនេសាទ និងពង្រឹងវិធានការ ការពារ ទប់ស្កាត់ បង្រ្កាបបទល្មើសនេសាទខុសច្បាប់

0

កំពង់ធំ÷ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានចូលរួមជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណ:កម្មការ ការពារ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផលក្នុងរដូវបើកនេសាទ និងពង្រឹងវិធានការ ការពារ ទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្រ្តស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រមទាំងបាននាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ រួមមានភេសជ្ជ: និងប្រេងឥន្ទន:ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនទីបញ្ជាការស្រាលប្រចាំការនៅភូមិសាស្រ្តបឹងទន្លេសាប ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។

លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ​ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដឹកនាំកម្លាំងមន្រ្តី​ខណ្ឌជលផលកំពង់ធំ​ មន្ត្រីជាប់កិច្ចសន្យា និងគណៈកម្មការសហគមន៍នេសាទសាមគ្គីកំពង់គោ កម្លាំងទីបញ្ជាការស្រាល ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចក្រោយវត្តស្លែង បឹងកញ្ចូ ក្នុងភូមិសាស្រ្ត ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

កម្លាំងជំនាញចម្រុះបានចុះប្រតិបត្តិការទប់ស្កាត់ បទល្មើសនេសាទបឹងទន្លេសាប ជាលទ្ធផលអនុវត្តបាន០១ករណី
បានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៤៥របាំង ប្រវែង១៥០០ម៉ែត្រ ឡុកចំនួន៤៥គ្រឿង លូចំនួន៤៥មាត់
បង្គោលចំនួន៩០០ដើម ចាក់លែងកូនត្រីចម្រុះទំងន់២៥០គីឡូក្រាមចូលទន្លេវិញ។