វគ្គផ្សព្វផ្សាយពីតួនាទី ភារកិច្ច របស់ការិយាល័យប្រជាពលរដ្ឋ និង ការប្រើប្រាស់កម្មវិធីទូរសព្ទ័ “មតិយើង” ជូនដល់រដ្ឋបាលស្រុកអង្គរធំ

0

សៀមរាប៖ ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកអង្គរធំ បើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យ ប្រជាពលរដ្ឋរាជធានី ខេត្ត និង របៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) ដល់ថ្នាក់ដឹកនាំការិយាល័យ មន្ត្រីរាជការ ក្រុមប្រឹក្សាស្រុក ឃុំ មេភូមិ សហភាពសហពន្ធ័យុវជនកម្ពុជា អាជីវករក្នុងស្រុកអង្គរធំ ប្រមាណជាង១០០នាក់ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់អភិបាលកិច្ចក្នុងការផ្តល់សេវា និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលធ្វើនៅសាលប្រជុំសាលាស្រុកអង្គរធំ ខេត្តសៀមរាប ។
លោក នេត ផល្គុណ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បានបញ្ជាក់ថា វគ្គផ្សព្វផ្សាយនេះ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចក្នុងការផ្តល់សេវា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភាកិច្ច ក្នុងការទទួល និង សម្រុះសម្រួលដោះស្រាយបណ្តឹងនៅ ក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅ កំណត់យន្តការ គោលការណ៍ បែបបទ និងនីតិវិធីនៃការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅថ្នាក់ក្រោមជាតិ និងអំពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) ដែលគោលបំណងកម្មវិធី (សម្រាប់ប្រជាពលរដ្ឋផ្តល់ព័ត៌មាន មតិយោបល់ និងរាយការណ៍អំពីបណ្តឹងនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាសាធារណៈ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ)។ លោកបានបន្តថា តួនាទី ភារកិច្ចរបស់ការិយាល័យ គឺទទួល និង ប្រមូលពាក្យបណ្តឹងនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងធ្វើសម្រាំង វាយតម្លៃពាក្យបណ្តឹងដែលទទួលបាន ព្រមទាំងបញ្ជូនពាក្យបណ្តឹងទាំងឡាយណា ដែលស្ថិតក្នុងដែនសមត្ថកិច្ចខ្លួន ទៅស្ថាប័នមានសមត្ថកិច្ច និងតាមដានដោះស្រាយ ដើមី្បជូនព័ត៌មានត្រឡប់ទៅម្ចាស់បណ្តឹង និងត្រូវធ្វើការស៊ើបអង្គេត បណ្តឹងលើកអនុសាសន៍ អំពីវិធានការដោះស្រាយបណ្តឹង និងតាមដានការអនុវត្តវិធានការដោះស្រាយបណ្តឹង ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លោកក៏បានធ្វើការបង្ហាត់បង្ហាញដល់សិក្ខាកាម អំពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) ដើមី្បមានភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលមានបញ្ហាកើតឡើងនៅក្នុងមូលដ្ឋានខ្លួន ឬក៏ភាពមិនពេញចិត្តនិងមិនស្របតាមតម្រូវការលើការងារបម្រើសេវាសាធារណៈ និងការគ្រប់គ្រង ដឹកនាំរបស់បុគ្គលណាម្នាក់ ដោយមានល័ក្ខការជាសម្ងាត់ជូនទៀតផងដែរ ៕