លោកអធិការនគរបាលស្រុក អញ្ជើញចុះជួបសំណេះសំណាល និងផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណចាំបាច់នានា ជូនបងប្អូនប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃនាពេលកន្លងមក

0

ឧត្តរមានជ័យ៖  ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងប្រីយ៍​ អញ្ជើញចុះចួបសំណេះសំណាល ផ្ដល់សៀវភៅស្នាក់នៅ​ សៀវភៅគ្រួសារ​ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ ជូនបងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃនាពេលកន្លងមក ហើយបានមករស់នៅក្នុងមូលដ្ឋានវិញ នៅភូមិជាំ​ ឃុំត្រពាំងប្រីយ៍​ ស្រុកអន្លង់វែង​ ដើម្បីប្រើប្រាស់តាមតម្រូវការនានាឱ្យបានទាន់ពេលវេលា ពិសេសសម្រាប់ឱកាសធ្វើការងារផ្សេងៗនាព្រឹកថ្ងៃអាទិត្យ ទី០៥ ខែតុលា ឆ្នាំ២០២៥

នាឱកាសនោះ លោកអធិការនគរបាលស្រុក បានមានមតិសំណេះ សួសុខទុក្ខ ណែនាំអំពីការផ្តល់លិខិតបញ្ជាក់អត្តសញ្ញាណនានា និងការថែរក្សាទុកដាក់ឱ្យបានល្អ

ជាមួយគ្នានោះ លោកអធិការ ក៏បានផ្សព្វផ្សាយជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងស្វែងរកការងារបន្ត សូមរកការងារធ្វើនៅប្រទេសរបស់យើងផ្ទាល់ ដែលមានឱកាសការងារជាច្រើននាក់ជាច្រើនកន្លែង ហើយបាននៅជិតក្រុមគ្រួសារ និងមានសុវត្ថិភាពខ្ពស់ ។

នៅក្នុងថ្ងៃនេះផងដែរ លោកអធិការនគរបាលស្រុក ក៏បានចាត់កម្លាំងប៉ុស្តិ៍រដ្ឋបាលទាំង៥ បន្តចុះយកសៀវភៅស្នាក់ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ ទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃនាពេលកន្លងមក ព្រមទាំងបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាឃុំទាំង៥ ក្នុងស្រុកអន្លង់វែង ដើម្បីគាត់ប្រើប្រាស់ឱ្យបានទាន់ពេលវេលា៕ដោយ៖ភ្នំដងរ៉ែក