ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាល ជាមួយក្រុមគ្រួសារអតីតយុទ្ធជន ដែលមានដី តែ
គ្មានផ្ទះរស់នៅជាកម្មសិទ្ធិ ដោយពួកគាត់បានរស់នៅជាមួយសាច់ញាតិ និងស្នាក់អាស្រ័យនៅតាមទីកន្លែងដែលកំពុងធ្វើការងារតែម្ដង ។ បច្ចុប្បន្នរស់នៅភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
លោក ឡាច សុខា អាយុ៦៤ឆ្នាំ ចូលបម្រើក្នុងជួរនគរបាលនៅឆ្នាំ១៩៨៤បានចូល បម្រើនៅក្នុងអង្គភាពអធិការដ្ឋាននគរបាលស្រុកសណ្តាន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ហើយបានត្រូវក្រសួង មហាផ្ទៃដាក់ឲ្យចូលសោធននិវត្តន៍នៅឆ្នាំ២០១៦មានភរិយា និងក្រុមគ្រួសាររស់នៅក្នុងបន្ទុកចំនួន៤នាក់ ។ បច្ចុប្បន្នប្រកបរបរស៊ីឈ្នួលជៀជ័រកៅនៅក្នងក្រុមចំការកៅស៊ូ នៅឃុំដងកាំបិត ។
លោកឡាច សុខា បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ គាត់មិនមានជម្រកស្នាក់នៅទេ ដោយគាត់ និងភរិយាស្នាក់នៅកន្លែងធ្វើការងារ រីឯកូនៗស្នាក់នៅជាមួយសាច់ញាតិ តែគាត់មានដីជាកម្មសិទ្ឋទំហំ ១២ ម៉ែត្រ គុណនឹង៥០ ម៉ែត្រ សម្រាប់ធ្វើការសាងសង់ផ្ទះថ្មី ដែលបានសំណូមពរសម្ដេចសម្ដេចអធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នាពេលកន្លងទៅ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម លោកតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង។ ថ្ងៃនេះ តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៏ជនកម្ពុជា សម្ដេច លោកអនុញ្ញាតឱ្យក្រុមការងារចុះមករៀបចំ ដើម្បីដំណើរការសាងសង់ផ្ទះថ្មី ដែលមានទំហំ៥ ម៉ែត្រ គុណនឹង៧ ម៉ែត្រ មានតសំយ៉ាបខាងមុខ និងខាងក្រោយ ដោយសាងសង់ពីសសរបេតុង ជញ្ជាំងស្មាតប៊ត និងមានបង្គន់អនាម័យសម្រាប់ក្រុមគ្រួសារប្រើប្រាស់ ទៀតផង។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានឧបត្ថម្ភ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារលោក ឡាច សុខា ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ។
លោក ឡាច សុខា និងភរិយាព្រមទាំងក្រុមគ្រួសារ មានចិត្តរំភើបរីករាយយ៉ាងខ្លាំង និងបានសូមគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់រៀបចំសាងសង់ផ្ទះជូនគាត់បានស្នាក់នៅសមរម្យនៅពេលខាងមុខ និងសូមគោរពជូនពរសម្ដេចឯកឧត្តម អស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕






































