ត្បូងឃ្មុំ: ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញនាំយកអំណោយ ចែកជូនពលករខ្មែរសរុបចំនួន ៦៦៩នាក់ ដែល
បានវិលត្រឡប់មកពីប្រទេសថៃ កំពុងរស់នៅស្រុកកំណើតរបស់ខ្លួនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានលើកឡើងថា ជាមួយការយកចិត្តទុក្ខដាក់ខ្ពស់ពីសុខទុក្ខប្រជាពលរដ្ឋ ជាពលករដែលបានត្រឡប់មកពីប្រទេសថៃ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា រដ្ឋបាលខេត្តត្បូងឃ្មុំ តែងបានយកចិត្តទុកដាក់ខ្ពស់ និងដោះស្រាយរាល់បញ្ហាប្រឈម ក៏ដូចជាធានាសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត ដោយមិនប្រកាន់សាសនា និន្នាការនយោបាយនោះឡើយ។
ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំផងដែរដល់អាជ្ញាធរស្រុក ត្រូវយកចិត្តទុកដាក់ និងដោះស្រាយរាល់បញ្ហាប្រឈម ក៏ដូចជាធានាសុខុមាលភាព ជាពិសេសជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនពលករផងដែរ។
ឯកឧត្តម ប៉ែន កុសល្យ ក៏បានណែនាំឲ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ គិតគូរស្វែងរកការងារជូនពួកគាត់ សម្រាប់បងប្អូនពលករណា ដែលមានបំណងចង់មានការងារធ្វើនៅស្រុកកំណើតរបស់ពួកគាត់។
ដោយទទួលបានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តត្បូងឃ្មុំ បងប្អូនប្រជាពលករ ក៏បានសម្តែងការសប្បាយរីករាយ និងបង្ហាញបំណងក្នុងការបន្តរស់នៅស្រុកកំណើតរបស់ខ្លួនវិញ វាអាចប្រសើរជាងការរស់នៅចំណាកស្រុកឯប្រទេសដ៏ទៃ។
ចំពោះអំណោយដែលនាំមកប្រគល់ជូនបងប្អូនពលករដែលវិលពីប្រទេសថៃចំនួន ៦៦៩នាក់ ក្នុងម្នាក់ៗ ទទួលបានអង្ករ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៉ីអ៉ីវ ១យួរ ត្រីខ ១យួរ ទឹកបរិសុទ្ធ ១យួរ និងថវិកាមួយចំនួនផងដែរ៕





































