ជនជាតិប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់ចំនួនជិត៣០០នាក់ត្រូវបានចាប់ខ្លួនក្រោយ ខឹងសម្បារ ជាមួយជនជាតិចិនពាក់ពន្ធ័នឹងជម្លោះសាសនា នៅកន្លែងធ្វើការ

0

ខេត្តព្រះសីហនុ៖នៅក្នុងប្រតិបត្តិការ ធ្វើឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ តាមបទបញ្ជារបស់នាយឧត្តម សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងសហការជាមួយកម្លាំងអាវុធហត្ថ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីតំណាង អយ្យការផងដែរ។សមត្ថកិច្ចឲ្យដឹងថា មានជនជាតិប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់ចំនួនជិត៣០០នាក់ទៀត ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ឃាត់ខ្លួនពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។ ការរកឃើញនេះ ផ្ដើមចេញ ពីករណីក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសទាំងនេះ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងជនជាតិចិន ពាក់ពន្ធ័ នឹងរឿងជម្លោះសាសនា កាលពីប៉ុន្មានថ្ងៃមុននេះ។

របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្ដាញព័ត៌មាន ទទួលបានបញ្ជាក់ថា ប្រតិបត្តិការឃាត់ខ្លួននៅថ្ងៃនេះ រកឃើញជនជាតិប៉ាគីស្ថាន ២១៦នាក់, បង់ក្លាដេស ចំនួន៦៨នាក់ និងជនជាតិនេប៉ាល់ ចំនួន៦នាក់ សរុបចំនួន២៩០នាក់។ ដោយឡែក សម្រាប់កាលពីប៉ុន្មានថ្ងៃមុននេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិបង់ក្លាដេស និងប៉ាគីស្ថាន ចំនួន៥៨នាក់ផងដែរ។

សូមរំលឹកថា នៅយប់ថ្ងៃទី៤ ខែតុលាកន្លងទៅនេះ ជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសជាច្រើននាក់ បាននាំ គ្នាតវ៉ា ដោយខឹងសម្បារ ជាមួយជនជាតិចិនពាក់ពន្ធ័នឹងជម្លោះសាសនា នៅកន្លែងធ្វើការក្នុងអគារមួយ នៅចំនុចទល់មុខឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ (ឆៃណាថោន)  ស្ថិតក្នុងសង្កាត់លេខ០៤ក្រុងព្រះសីហនុ ហើយភ្លាមៗកម្លាំង សមត្ថកិច្ចចុះអន្ដរាគមន៍ និងបានឃាត់ខ្លួនអ្នកពាក់ពន្ធ័ដើម្បីចាត់ការតាមនីតិវិធី៕

នាគសមុទ្រ