សៀមរាប: ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី បានធ្វើការផ្សពវផ្សាយជូន ដល់មន្ត្រីរាជការស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក មេឃុំ មេភូមិ ជំនួនការភូមិ ប្រមាណជាង ២០០នាក់ ក្រោមវត្តមានលោក
ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រី លោក នេត ផល្គុណ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និង លោក សោម សាមេត អភិបាលរងស្រុក នៅសាលប្រជុំសាលាស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥នេះ ។
ក្នុងកិច្ចស្វាគមន៍របស់លោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុក បានគូសបញ្ជាក់ថា វគ្គផ្សព្វផ្សាយនេះ ក៏បានបង្ហាញពីការប្រើប្រាស់កម្មវិធីទូរសព្ទ័ “មតិយើង” ដើម្បីផ្ដល់លទ្ធភាពដល់ប្រជាពលរដ្ឋ ផ្ញើព័ត៌មាន មតិយោបល់ និង រាយការណ៍ពីបញ្ហាផ្សេងៗ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាល និង ការផ្តល់សេវាសាធារណៈនៅថ្នាក់មូលដ្ឋាន ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋនៅតាមបណ្ដាក្រុង ស្រុកនីមួយៗ ។
បន្ទាប់ពីវាគ្មិនបានធ្វើការបង្ហាញពីអនុក្រិត្យលេខ១៩អនក្រ និង ពីរៀបធ្វើការងាររបស់ការិយាល័យប្រជាពល រដ្ឋ និង ការប្រើប្រាស់កម្មវិធីទូរសព្ទ័ “មតិយើង” រួចមក លោក នេត ផល្គុណ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បញ្ជាក់ថា ការិយាល័យប្រជាពលរដ្ឋ ជាដៃគូនឹងអង្គភាពច្រកចេញចូលតែមួយ គឺដើមី្បបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ និង សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសចូលរួមចំណែកក្នុងការទប់ស្កាត់នូវអំពើពុករលួយ។ លោកបន្ថែមថា ការិយាល័យប្រជាពលរដ្ឋ ជាយន្តការអព្យាក្រឹត្យមួយ ដែលត្រូវបង្កើតឡើងនៅរដ្ឋបាលខេត្ត មានតួនាទីជាអ្នកសម្រុះសម្រួល ដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ពាក់ព័ន្ធ នឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅដល់ការលើកកម្ពស់អភិបាលកិច្ចល្អ គណនេយ្យភាព និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ លោកបានបញ្ជាក់ថា ការិយាល័យប្រជាពលរដ្ឋ គឺស្ថិតនៅជាប់ជាមួយអង្គភាពច្រកចេញចូលតែមួយ ព្រមទាំងមានតុពិសេសជាអចិន្ត្រៃយ៍នៅទីនោះផងដែរ ៕






































