មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បំពាក់ឋានន្តរសក្តិ ជូននាយទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤

0

កំពង់ធំ៖ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានរៀបចំពិធី បំពាក់ឋានន្តរសក្កិ ជូននាយទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ដែលពិធីនេះ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

លោកវរសេនីយ៍ទោ​ ស៊ុន​ សាម៉ុន​ នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចកីសម្រេច ស្ដីពីការតម្លើងឋានន្តរសក្កិជូននាយទាហាន​ ចំនួន​ ៣២​ រូប​ តាមសិទ្ធិសម្រេចរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ តាម​សំណើ​របស់​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​អគ្គមេបញ្ជាការ​រង​ មេបញ្ជាការ​កង​ទ័ព​ទ័ពជើងគោក​   ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន​ផ្តល់​កិត្តិយស​បំពាក់​ឋានន្តរសក្ដិ​ជូន​យោធិន​ជានាយទាហាន​ទាំង​ចំនួន​ ៣២​ រូប​ ហើយ​និង​បានថ្លែងនូវការគោរព និងថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងទ័ពជេីងគោក​ មេបញ្ជាការ​យោធភូមិភាគទី៤, ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានផ្ដល់សេចក្ដីទុកចិត្ត ក្នុងការសម្រេចដំឡើងឋានន្តរសក្កិ ជូន​យោធិន​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ស្របតាមរចនាសម្ព័ន្ធចាត់តាំង  និងផែនការកំណែទម្រង់របស់កងយោធពលពលខេមរភូមិន្ទ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់យោធិនដែលត្រូវបានបំពាក់ឋានន្តរសក្ដិថ្មី ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចជូនអង្គភាព ឱ្យសម្រេចបានតាមផែនការដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានប្រគល់ជូន ពិសេសត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវប្ដេជ្ញាចិត្តដាច់ខាត​ ក្នុងកាតព្វកិច្ចការពារជាតិ ការពារបូរណភាពទឹកដី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់យោធិនផ្សេងទៀត ដែលមិនទាន់បានទទួលឋានន្តរសក្តិថ្មី​ ត្រូវខិតខំប្រឹងប្រែងបំពេញភារកិច្ចបន្ថែមទៀត ដើម្បីទទួលបានការផ្ដល់ទំនុកចិត្ត និងបំពាក់ឋានន្តរសក្តិតាមមុខតំណែងតួនាទីភារកិច្ច និងរបបកំណត់តាមឆ្នាំនៃការតម្លើងឋានន្តរសក្តិ តាមថ្នាក់នីមួយៗ ដែលមានចែងនៅក្នុងច្បាប់ស្ដីពីលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ ។