ឯកឧត្តម អ៊ុន ចាន់ដា នាំអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័ស និងបាក់ច្រាំងទន្លេ ៥៤គ្រួសារ ក្នុងស្រុកកំពង់សៀម និងស្រុកស្រីសន្ធរ

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយមហន្តរាយធម្មជាតិ សរុប ៥៤គ្រួសារ ក្នុងនេះ ពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័ស រស់នៅឃុំកោះសំរោង និង ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ដែលជម្លៀសមករកទីទួលសុវត្ថិភាព ចំនួន ៣៥គ្រួសារ និងពលរដ្ឋរុះរើផ្ទះ ដោយការបាក់ច្រាំងទន្លេ ១៩គ្រួសារ មកពីស្រុកកំពង់សៀម និងស្រុកស្រីសន្ធរ ។

ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែទាំសុខភាពឱ្យបានល្អ ហើយត្រូវប្រុងប្រយ័ត្នពីគ្រោះមហន្តរាយ វិបត្តិភ័យនានា ដែលកើតមានក្នុងរដូវនេះ ដោយឯកឧត្តមប្រធាន បានស្នើឱ្យ អាជ្ញាធរមូលដ្ឋាន ត្រូវតាមដានជាប់ជាប្រចាំនូវប្រព័ន្ធផ្តល់ព័ត៌មានជាមុន១២៩៤ ដើម្បីត្រៀមលក្ខណ: ជួយអន្តរាគមន៍ទាន់ពេលវេលា ។ ទន្ទឹមនោះ រស់នៅត្រូវអនុវត្តវិធានអនាម័យស្អាត ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជម្ងឺដំកាត់ផ្សេងៗ ដែលបង្កដោយសត្វមូស ឬ បង្កដោយកង្វះអនាម័យ ជាដើម ជាពិសេស ត្រូវប្រយ័ត្នប្រយែងឱ្យបានដិតដល់ ចំពោះកុមារតូចៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់លង់ទឹក ។

គួរបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនទាំង៣៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ កន្ទេល១ សាប៊ូ ថ្នាំនិងច្រាស់ដុសធ្មេញ ឃីត ( មុង ភួយ សារុង ក្រមា ) និង ថវិកាមួយចំនួន ។
ដោយឡែក ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយបាក់ស្រុតច្រាំងទន្លេ ១៩គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ៥០គក្រ មី ត្រីខ គ្រឿងឧបភោគ បរិភោគ ៥មុខ សម្ភារដំណេក តង់ និង ថវិកា ៤សែនរៀល ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអញ្ជើញ ប្រគេន ព្រះចៅអធិការ វត្តបល្ល័ង្កពេជ្រ នូវអង្ករ ១០០គក្រ មី ត្រីខ ទឹកពិសាប្រណិត ២កេស និងបច្ច័យមួយចំនួន ផងដែរ ៕