ខេត្តព្រះវិហារ៖ ផ្ទៃដីកសិកម្ម ៤៨២ហិកតា នៃដំណាំស្រូវ និងដំណាំដំឡូងមី និងប្រជាកសិករ ៣១៦គ្រួសារ បានរងនឹងជំនន់ទឹកភ្លៀងនារដូវវស្សានេះ អាជ្ញាធរខេត្ត និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ ត្រៀមស្តារជីវភាពប្រជាពលរដ្ឋ រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានារបស់រដ្ឋឡើងវិញ ក្រោយជំនន់ទឹកភ្លៀងបានស្រកចុះអស់វិញ។
យោងតាមរបាយការណ៍របស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តព្រះវិហារ បានបង្ហាញថា ស្ថានភាពទឹកភ្លៀងក្នុងខេត្តព្រះវិហារ ចាប់តាំងពីដើមរដូវវស្សា រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ខេត្តព្រះវិហារទាំងមូលបានទទួលបរិមាណទឹកភ្លៀងសរុប ១៥៤៤.៣មីលីម៉ែត្រ ដែលជាកម្រិតមួយខ្ពស់គួរឲ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងបណ្តាឆ្នាំមុនៗ។
របាយការណ៍បានបង្ហាញទៀតថា ចំពោះស្ថានភាពទឹកនៅអាងទឹករក្សាវិញ កម្ពស់ទឹកមានត្រឹម ១២.៣៥ម៉ែត្រ ដែលនៅទាបជាងកម្ពស់ប្រកាសអាសន្នក្នុងកម្ពស់ ១៤ម៉ែត្រ ហើយបានស្រកចុះ០.១៥ម៉ែត្រ បើធៀបនឹងស្ថានភាពកាលពីថ្ងៃទី៦តុលា២០២៥ ដែលជាសញ្ញាល្អមួយ នៃការថមថយ បន្ទាប់ពីមានការកើនឡើងជាប់ៗគ្នា ខណៈទឹកបានស្រកចុះបន្តិចមែន តែផលប៉ះពាល់ដែលបង្កឡើង ដោយជំនន់ទឹកភ្លៀងកន្លងមក នៅតែជាកង្វល់ចម្បង។
គិតត្រឹមថ្ងៃទី៧ ខែតុលានោះផងដែរ ស្រុកចំនួន៤ ក្នុងខេត្ត រួមមាន៖ ស្រុកជ័យសែន ស្រុករវៀង ស្រុកជាំក្សាន្ត និងស្រុកត្បែងមានជ័យ បានរងផលប៉ះពាល់ដល់ដំណាំស្រូវ លើផ្ទៃដីសរុប ៣៤៤ហិកតា ត្រូវបានទឹកជន់លិច និងបានប៉ះពាល់ដល់ប្រជាកសិករ ២២៥គ្រួសារ ,ដំណាំដំឡូងមីប៉ះពាល់លើផ្ទៃដី ១២៨ហិកតា ត្រូវបានទឹកជន់លិច និងបានប៉ះពាល់ដល់ប្រជាកសិករ ៩១គ្រួសារ។
ផលប៉ះពាល់ទាំងនេះបានក្លាយជាក្តីបារម្ភយ៉ាងខ្លាំង ដល់ការប្រមូលផល និងជីវភាពរបស់ប្រជាកសិករ ទោះបីមានសញ្ញានៃការស្រកចុះក៏ដោយ អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តព្រះវិហារ នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះស្ថានភាពទឹក ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ និងត្រៀមអន្តរាគមន៍បន្ទាន់ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ ត្រៀមស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត ត្រៀមផ្តល់ជំនួយ និងអន្តរាគមន៍ដល់ដំណាំកសិកម្ម ដែលរងការខូចខាត នៅពេលដែលទឹកជំនន់បានស្រកចុះអស់៕ដោយ៖ឡុង សំបូរ





































