ខេត្តព្រះវិហារ៖ អភិបាលរងខេត្តព្រះវិហារ លោក វ៉ាត ប៉ារ៉ានីន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្តិភាពរយះពេល៩ខែ ឆ្នាំ២០២៥ ដែលបានធ្វើឡើងនៅសាលាខេត្តព្រះវិហារ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ អភិបាល ក្រុង ស្រុកទាំង៨ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ផងដែរ។
ជំនួសមុខឲ្យលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក វ៉ាត ប៉ារ៉ានីន បានថ្លែង ប្រាប់ដល់អស់លោក លោកស្រី ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានយល់ដឹងកាន់តែច្បាស់ នូវវិធីសាស្ត្រ ក្នុងការរៀបចំចងក្រងរបាយការណ៍ ជាពិសេសរបាយការណ៍ ស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងមូលដ្ឋានរបស់ខ្លួន ។
លោក វ៉ាត ប៉ារ៉ានីន បានជំរុញ រួមទាំងដាក់ចេញនូវផែនការណ៍សំខាន់ៗ ៧ចំណុច ដល់អភិបាលក្រុង ស្រុក ដែលទទួលបន្ទុកភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថខេត្ត ស្មៀនទាំង ៥១ឃុំសង្កាត់ ការិយាល័យច្រកចេញចូលតែមួយ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រូវយកផែនការណ៍ទាំងនោះទៅអនុវត្តឲ្យបានល្អ និងមានប្រសិទ្ធភាព ក្នុងនោះមានដូចជា ការរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែនីមួយៗ និងរបាយការណ៍បូកសរុបការងារចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព រយៈពេល៩ខែឆ្នាំ២០២៥។
លោកអភិបាលរងខេត្តព្រះវិហារ បានបញ្ជាក់ថា ក្រោយពីបញ្ចប់ការធ្វើរបាយការណ៍ទាំងនោះភ្លាម ត្រូវផ្ញើចូលគ្រុបតេឡេក្រាមលេខាធិការដ្ឋានរៀងៗខ្លួន ដើម្បីរៀបចំចងក្រង និងរៀបចំដាក់ជូន ឯកឧត្តមអភិបាលខេត្ត ធ្វើការសម្រេច និងមានវិធានការបន្ត៕ដោយ៖ឡុង សំបូរ





































