ប៉ៃលិន ៖ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ នៅពន្ធនាគារខេត្តប៉ៃលិន ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចុះត្រួតពិនិត្យ វឌ្ឍនភាពការងារ ហេដ្ឋារចនាសម្ព័ន្ធ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅពន្ធនាគារខេត្តប៉ៃលិន ស្ថិតក្នុងភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ពិធីនេះក៍មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តម ទីប្រឹក្សាក្រសួង ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។
មានប្រសាសន៍ក្នុងឪកាសនេះដែរឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានពាំនាំយកនូវការសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនចំពោះមន្រ្តីពន្ធនាគារខេត្តប៉ៃលិនទាំងអស់ ដែលបានខិតខំអនុវត្តការងារ បានលទ្ធផលល្អប្រសើរ។ ឯកឧត្តម ក៍បានសំណេះសំណាល និងផ្តាំផ្ញើរ នូវមតិមួយចំនួនដូចខាងក្រោម៖ -ត្រូវយកចិត្តទុកដាក់ឱ្យបានម៉ឹងម៉ាត់ លើការងារគ្រប់គ្រងបញ្ជីវត្តមានមន្រ្តី ។ – អនុវត្តការងារដឹកនាំគ្រប់គ្រង ឱ្យបានម៉ឹងម៉ាត់ ម៉ត់ចត់ តាមតួនាទីភារកិច្ច ការបែងចែក ការទទួលខុសត្រូវ ដោយអនុវត្តការងារតាមឋានានុក្រម ដោយមានការតាមដានត្រួតពិនិត្យ តម្រង់ទិសមន្រ្តី ជាប្រចាំ ដើម្បីធានាបានការងារប្រកប ដោយប្រសិទ្ធិភាពខ្ពស់ និងមានតម្លាភាព ។ – ត្រូវបន្តពង្រឹងការងារសន្តិសុខ សុវត្ថិភាពពន្ធនាគារ ជាពិសេសបង្កាជៀសវាងមានសកម្មភាពរត់គេចខ្លួន ដោយបង្កើនការយកចិត្តទុកដាក់ការត្រួតពិនិត្យឆែកឆេររកវត្ថុហាមឃាត់ចូលក្នុងពន្ធនាគារ។
– ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អប្រសើរ និងមានទម្លាប់ធ្វើការងារជាក្រុម ជាពិសេសត្រូវរួបរួមគ្នាដោះស្រាយបញ្ហានានា ទោះកិច្ចការងារតូចក្តី ធំក្តី ដោយរាយការណ៍អំពីសច្ចភាព តម្លាភាព ភាពស្មោះត្រង់ និងភាពជឿទុកចិត្តគ្នា។
– មន្រ្តីពន្ធនាគារគ្រប់រូប គប្បីមានអកប្បកិរិយាសុខភាពរាបសារថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍វិជ្ជាជីវៈ ដើរតួនាទីជាអ្នកអប់រំកែប្រែ និងគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌បទវិន័យមន្រ្តីពន្ធនាគារ ជៀសវាងភាពអសកម្មនានា និងមិនត្រូវយកឥទ្ធិពល ឬអំណាច នៅក្នុងមុខងាររបស់ខ្លួន ទៅប្រើប្រាស់ខុសពីគោលការណ៍ច្បាប់ ឬដើម្បីគំរាមកំហែង ឬរំលោភបំពាន ដល់សិទ្ធជនជាប់ឃុំ ឬជនដទៃឡើយ។
ឆ្លៀតក្នុងនោះដែរ ឯកឧត្តម រដ្ឋលេខាធិការ បានកោតសរសើរលើវឌ្ឍនភាពរយ:ពេលចុងក្រោយ របស់ពន្ធនាគារខេត្តប៉ៃលិន មានការអភិវឌ្ឍ និងមានការរីកចម្រើន ឯកឧត្ដម ក៏បានណែនាំចំណុចខ្វះខាតមួយចំនួនរួមទាំងដំណោះស្រាយ ដើម្បីបំពេញបន្ថែមផងដែរ៕
អត្ថបទ ភ្នំខៀវ ប៉ៃលិន





































