(ខេត្តកំពង់ធំ)៖ ឯកឧត្តម ហ៊ីម លីម៉េង អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពង្រឹងរបៀបរបបការងារ និងការកែលម្អទីកន្លែងបម្រើការងារនៅតាមទីចាត់ការ ក៏ដូចជាតាមការិយាល័យ ព្រមទាំងផ្តល់គ្រឿងឥស្សរិយយស លើកទឹកចិត្តមន្ត្រីដែលបានខិតខំធ្វើការងារ ប្រកបដោយតម្លាភាព ក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ហ៊ីម លីម៉េង ថ្លែងថា “រៀបចំផ្ទះខ្លួនយើងឱ្យរៀបរយជាមុន មុននឹងទៅអនុវត្តការងារផ្សេងទៀត” ក្នុងនោះ អ្វីដែលយើងត្រូវយកចិត្តទុកដាក់រួមគ្នាធ្វើ ៖
១- សាមគ្គីភាព និងឯកភាពផ្ទៃក្នុង
២- កន្លែងធ្វើការស្អាត និងសមរម្យ
៣- ការពង្រឹងវត្តមាន និងម៉ោងធ្វើការមន្ត្រី
៤- បែងចែកមុខងារច្បាស់លាស់ និងមានសូចនាករតាមដាន
៥- ពង្រឹងសមត្ថភាពមន្ត្រី
៦- ការលើកទឹកចិត្ត (ប័ណ្ណសរសើរ មេដាយការងារ គ្រឿងឥស្សរិយយស ថវិកា និងតួនាទី..)
លើសពីនេះទៀត ឯកឧត្តមបានជំរុញដល់ទីចាត់ការ-អង្គភាពពិនិត្យ និងវាយតម្លៃមន្ត្រីដោយផ្អែកលើលទ្ធផលការងារ ប្រកបដោយតម្លាភាព ជាពិសេសមន្ត្រីដែលជិតដល់អាយុចូលនិវត្តន៍ ដើម្បីរៀបចំផ្តល់គ្រឿងឥស្សរិយយសជូនពួកគាត់ ដែលជាការលើកទឹកចិត្តក្នុងខិតខំបំពេញការងារកន្លងមក។
ឯកឧត្តម បន្តថាថ្នាក់ដឹកនាំទីចាត់ការ អង្គភាព តាមការិយាល័យ ត្រូវបានពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីក្រោមឱវាទ លុបបំបាត់ភាពអសកម្ម ពង្រឹងស្មារទតីទទួលខុសត្រូវ បណ្តុះស្មារតីស្រលាញ់អង្គភាព ពង្រឹងសមត្ថភាព មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។ 





































