ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង នាអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់ លោក សរ សុពុត្រា ត្រូវគេកត់សម្គាល់ឃើញថា បានធ្វើការអភិវឌ្ឍខេត្ត និងសមិទ្ធផលនានាជាច្រើន បានរីកដុះដាលជាបន្តបន្ទាប់គួរឲ្យគយគន់ និងកត់សម្គាល់។
ជាក់ស្តែង នៅថ្ងៃទី៩តុលាម្សិលមិញ ទេវរូបព្រះភុម្មជយមង្គល«ព្រះភូមិជ័យមង្គល»មួយព្រះអង្គ ត្រូវបានប្រតិដ្ឋានឡើង ក្នុងការចំណាយថវិកាជាច្រើនរបស់រដ្ឋបាលខេត្ត នៅត្រង់ចំណុចប្រសព្វផ្លូវបំបែកជា៣ ចំកណ្តាលនៃបេះដូងអ្នកស្រុកអូរពងមាន់ ក្នុងគម្រោងស្ថាបនារង្វង់មូលធំមួយដ៏ថ្មីស្រឡាង មិនធ្លាប់មានពីមុនមកនោះទេ ។
រង្វង់មូលដែលដាក់កម្កល់ ទេវរូបព្រះភុម្មជយមង្គល «ព្រះភូមិជ័យមង្គល» មួយព្រះអង្គនោះ ត្រូវបានសាងសង់ឡើងតាមលំនាំ និងរចនាបថខ្មែរសុទ្ធសាធ ដើម្បីទាក់ទាញអ្នកទេសចរចូលមកកម្សាន្តខេត្ត ការសម្គាល់អត្តសញ្ញាណដែនដីរដ្ឋបាលក្រុង ការសម្រួលដល់ការធ្វើដំណើរ និងដើម្បីបញ្ជៀសការគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយ ដែលអាចបង្កការគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ ។
រង្វង់មូលថ្មីនេះ នឹងផុសត្រដែតឡើងនៅត្រង់ចំណុចប្រសព្វផ្លូវបែកជា៣ នៃផ្លូវជាតិលេខ៧A «ស្ទឹងត្រែង-ក្រចេះ និងផ្លូវជាតិលេខ៧៨A «ស្ទឹងត្រែង-រតនគិរី» ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
នៅក្នុងពិធីក្រុងពាលីបើកការស្ថាបនារង្វង់មូលថ្មី ដែលមានតម្កល់ ទេវរូបព្រះភុម្មជយមង្គល «ព្រះភូមិជ័យមង្គល» នៅលើជើងពានដ៏ស្រស់ស្អាត នាថ្ងៃទី៩តុលា២០២៥នោះ ធ្វើឡើងក្រោមអធិបតីភាព លោក ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង ,លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងក៏មានការចូលរួមពី មន្ត្រីរាជការ មន្ទីរ អង្គភាព កងកម្លាំងទាំង៣ ដ៏ច្រើនកុះករ ផងដែរ។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ត្រូវគេដកស្រង់សម្តី នៅពេលចុះពិនិត្យពីដំណើរការរៀបចំសាងសង់រង្វង់មូលថ្មីនោះ ថា ការសាងសង់រង្វង់មូលនេះ នឹងត្រូវស្ថាបនាឡើងស្របតាមរចនាបថវប្បធម៌ជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដែលធ្វើដំណើរឆ្លងកាត់ ហើយអ្វីដែលជាគោលគំនិតរបស់ខេត្ត ក្នុងគោលបំណងផ្តល់សុភមង្គលជូនប្រជាពលរដ្ឋ រួមជាមួយការផ្តល់សោភ័ណ្ឌភាព សំរាប់ខេត្តភាគឦសាន ស្របតាមគោលនយោបាយដឹកនាំរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
គម្រោងស្ថាបនារង្វង់មូលទេវរូបព្រះភុម្មជយមង្គល «ព្រះភូមិជ័យមង្គល» នឹងលេចជារូបរាងឡើង ចាប់ពីព្រឹកថ្ងៃទី៩តុលា២០២៥ តទៅ និងក៏មានការរំពឹងថា អាចនឹងសម្រេចលទ្ធផល«បញ្ចប់ការសាងសង់» នៅដើមឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ បំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ អ្នកធ្វើដំណើរឆ្លងកាត់ បញ្ជៀសការគ្រោះថ្នាក់ចរាចរណ៍ និងការចងចិត្តអ្នកទេសចរឲ្យចាប់អារម្មណ៍ និងចូលមកកម្សាន្តខេត្តស្ទឹងត្រែង កាន់តែមានចំនួនទ្វេដង។
រដ្ឋបាលខេត្តស្ទឹងត្រែង នៅក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់ លោក សរ សុពុត្រា ប្រជាពលរដ្ឋក្នុងខេត្ត បានកត់សម្គាល់ឃើញថា ចាប់តាំងពីលោកចូលកាន់តំណែងនោះមក គឺមានការអភិវឌ្ឍជាបន្តបន្ទាប់ ដូចជាការកែលំអរកងចក្រ កែលំអរអតីតព្រះរាជដំណាក់ សាងសង់វេទិកានាគជ័យ ទីលាន «តេជោសន្តិភាព» សួនច្បារតម្កល់សត្វផ្សោត «កំពុងស្ថាបនា» សួនកុមារ «ព្រះបរមរូបព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ ,ព្រះបរមរាជានុកោដ្ឋ» តម្កល់លើសួនសុវណ្ណភូមិ ផ្លូវថ្មើរជើងតាមមាត់ទន្លេសេកុង ដែលមានប្រវែង ៧០០ម៉ែត្រ ជួសជុល និងកសាងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងដែនដីរដ្ឋបាលខេត្ត ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងក៏មានចំណាយថវិកាផ្ទាល់ខ្លួនរបស់ លោក សរ សុពុត្រា ដើម្បីភាពរីកលូតលាស់របស់ខេត្តស្ទឹងត្រែង យ៉ាងឆាប់រហ័ស៕ដោយ៖ឡុង សំបូរ






































