រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីក្រុមមេធាវី ពិស្សុត សម្រាប់ផ្ដល់ជូនបន្តដល់សមរភូមិមុខ និងបងប្អូនជនភៀសសឹក

0

សៀមរាប: អង្គរ ៥០០គីឡូក្រោម, ត្រីខរកំប៉ុង ១កេសធំ, ទឹកសុទ្ធ ១០កេស, ទឹកស៊ីអ៉ី ១០យួរ, ទឹកត្រី ១០យួរ, មីជាតិ ៣០កេស និង ថវិកា ១លានរៀល ដែលជាអំណោយ ក្រុមមេធាវី ពិស្សុត ត្រូវបានឯកឧត្តម ហាក់ សុភារិទ្ធ ទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមមេធាវីពិស្សុត និងសហការី នាំយកមកប្រគល់ជូនរដ្ឋបាល ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប សម្រាប់ផ្ដល់ជូនបន្តដល់សមរភូមិមុខ គ្រួសារទ័ព និងបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ។
ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម ប្រាក់ សោភ័ណ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហាក់ សុភារិទ្ធ និងសហការី ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប តាមរយៈរដ្ឋបាលខេត្ត ដោយទឹកចិត្តស្មោះសរ ក្នុងការរួបរួមជាតិខ្មែរជាធ្លុងមួយ ដោយស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា អំណោយទាំងនេះ គឺត្រូវធ្វើការបែងចែកជូនទៅបងប្អូនជនភៀសសឹក ដែលបានកំពុងបន្តស្នាក់ នៅតាមមណ្ឌលសុវត្ថិភាព ដោយបងប្អូនទាំងនោះ មានលំនៅដ្ឋានស្ថិតក្នុងតំបន់គ្រោះថ្នាក់ដោយសង្គ្រាមឈ្លានពាន ។ ឯកឧត្តម បានបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ខេត្តសៀមរាប មានបងប្អូនជនភៀសសឹក បានកំពុងស្នាក់នៅចំនួន ១ពាន់៧៧គ្រួសារ ស្មើនឹង ៣ពាន់៣៦០នាក់។ ក្នុងចំណោមគ្រួសារបងប្អូនជនភៀសសឹកខាងលើនេះ មាន ៨០០គ្រួសារ កំពុងស្នាក់នៅតាមទីតាំងរៀបចំដោយរដ្ឋបាលខេត្ត ក្រុង ស្រុក និង ១៩៤គ្រួសារ កំពុងស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋ ៕