តាកែវ៖ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំធំ សាលាដំបូងខេត្តតាកែវ មានកិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនៈភាពរបាយការណ៍ស្តីពីចំណាត់ការសំណុំរឿងរយៈពេល៩ខែ ក្នុងគោលបំណងផ្ទៀងផ្ទាត់ចំណាត់ការសំណុំរឿងរបស់ចៅក្រមនីមួយ និងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័យ។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ និងមានការចូលរួមដោយ លោកអនុប្រធាន លោក-លោកស្រីចៅក្រម លោកប្រធានលេខាធិការដ្ឋាន លោកអនុប្រធានលេខាធិការដ្ឋាន លោក-លោកស្រីក្រឡាបញ្ជី លោកប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីរដ្ឋបាល។ កិច្ចប្រជុំនេះបានពិភាក្សាទៅលើចំណុចគោលសំខាន់ៗរួមមាន៖ (១) ត្រួតពិនិត្យលើវឌ្ឍនៈភាពរបាយការណ៍ស្តីចំណាត់ការសំណុំរឿងរយៈពេល៩ខែ (២) ពិនិត្យលើរបាយការណ៍ស្តីពីការផ្តល់នូវសេចក្តីសម្រេច និងសាលក្រមរបស់ចៅក្រម (៣) ជំរុញពង្រឹង និងពន្លឿនចំណាត់ការសំណុំរឿងទូទៅ សំណុំរឿងចាស់ សំណុំរឿងអធិភាព និងសំណុំរឿងកែតម្រូវអត្រានុកូលដ្ឋាន (៤) ពិនិត្យការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋក្នុងរយៈពេល៩ខែធៀបនឹងឆ្នាំមុន (៥) ពង្រឹងវិន័យការងារ និងរបៀបរបបចាត់ការឯកសារ និងចាត់ការដំណើរកាសំណុំរឿងឆាប់រហ័សចំពោះលេខាធិការដ្ឋានរដ្ឋបាល (៦) របៀបរបបរៀបចំសំណុំរឿងដែលបានចាត់ការរួចបញ្ជូនមករក្សាទុកនៅលេខាធិការដ្ឋានរដ្ឋបាល (៧) លើកទឹសដៅបន្ត (៨) ដោះស្រាយបញ្ហាប្រឈមនានា និងសំណូមពរ៕






































