ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅពិនិត្យមើលដំណើរការ នៃការសាងសង់ផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជម្រកស្នាក់នៅមិនសមរម្យ នៅភូមិមហរ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ ផ្ទះថ្មីដែលកំពុងដំណើរការសាងសង់នេះ មានទំហំ ៥ម៉ែត្រ គុណនិង ៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក រនាបក្រាលក្តារ ជញ្ជាំងស្មាតប៊ត ដំបូលប្រក់ស័ង្កសីកិនភ្លី ហើយនៅផ្នែកខាងក្រោយ មានតសំយាបផ្ទះបាយប្រវែង ៣ម៉ែត្របន្ថែមទៀត និងមានបង្គន់អនាម័យមួយខ្នងផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ផ្ដល់ជូនដល់អតីតយុទ្ធជន ដែលមានដី តែមានជម្រកស្នាក់នៅមិនសមរម្យ ។
លោក ព្រំ ធីម អាយុ ៥០ឆ្នាំ ជាអតីតយុទ្ធជនពិការដោយសារសង្គ្រាម និងក្រុមគ្រួសារ មានសមាជិក ចំនួន ៦ នាក់ ដែលមានដី ហើយមានជម្រកស្នាក់នៅមិនសមរម្យ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត រកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានឧបត្ថម្ភផ្ទះថ្មីជូនគាត់ បានរស់នៅសមរម្យនៅពេលនេះ និងសូមគោរពជូនពរសម្ដេច និងលោកជំទាវ ព្រមទាំងក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយនូវរាល់ការលំបាកគ្រប់បែបយ៉ាងជូនដល់អតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំទាំងមូល នាពេលកន្លងទៅ ក៍ដូចជានៅពេលបច្ចុប្បន្ននេះបានយ៉ាងល្អប្រសើរ ៕






































