សិស្សមានពិការភាព និងកុមារកំព្រា ប្រមាណ២៥០នាក់ ទទួលបានការលើកទឹកចិត្តពីឯកឧត្តម ខៀវ កាញារីទ្ធ និងអភិបាលខេត្តកំពង់ចាម

0

កំពងចាម: ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ រួមនឹង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញ ចុះសួរសុខទុក្ខកុមារកំព្រា ពិការភ្នែក គថ្លង់ និងលោកគូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេស កំពង់ចាម ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា គិតមកដល់ពេលនេះ គឺមានរយៈពេលជាង២០ឆ្នាំ ហើយ តាំងពីគេហៅខ្ញុំថាអ៊ុំ រហូតដល់គេហៅតាហើយ ដែលខ្ញុំ បានជួយទំនុកបម្រុងដល់ កុមារកំព្រា ពិការភ្នែក គថ្លង់ និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាមនេះ ដើម្បីជួយផ្គត់ផ្គង់ និងជំរុញដល់ការរៀនសូត្ររបស់ក្មួយៗ ឱ្យបានជោគជ័យ ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានក្រើនរំលឹកដល់កូនសិស្សមានពិការភាពទាំងអស់ ត្រូវរស់នៅប្រកប ដោយអនាម័យ និងខិតខំហាត់ប្រាណ ជាពិសេសត្រូវរួមសាមគ្គីគ្នា និងចេះជួយគ្នាទៅវិញទៅមក ក្នុងការរៀនសូត្រ ហើយត្រូវស្តាប់គ្រូបង្រៀន និងគោរពវិន័យសាលា ឱ្យបានខ្ជាប់ខ្ជួន តាំងពីនៅ តូចរហូតដល់ធំពេញវ័យ និងឈានទៅដល់ទទួលបានភាពជោគជ័យ ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានលើកទឹកចិត្តដល់ សិស្សានុសិស្ស កំព្រា និងពិការភាពទាំងអស់ ត្រូវខិតខំពង្រឹងជំហរយកចិត្តទុកដាក់ក្នុងការសិក្សា រៀនសូត្រ និងចាប់យកចំណេះវិជ្ជាផ្សេងៗ ដើម្បីឈានទៅដល់ការសម្រេចបាននូវគោលបំណងក្នុងថ្ងៃអនាគត។ ជាពិសេសកុំឱ្យជឿតាមការអូសទាញរបស់មិត្តភ័ក្តិអាក្រក់ គឺត្រូវជៀសឱ្យឆ្ងាយពី គ្រឿងញៀន ដែលនាំឱ្យអន្តរាយដល់សុភមង្គលផងដែរ ។

គួរបញ្ជាក់ថា សិស្សពិការភ្នែក និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម សរុបចំនួន ១៩៥នាក់ ក្នុងនោះបុគ្គលិក និងគ្រូ មានចំនួន ៤៥នាក់។ ដោយឡែកមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម មានសិស្ស ចំនួន ៥២នាក់ និងបុគ្គលិកសរុប ១២នាក់។ ចំពោះសកម្មភាពសិក្សា សិស្សពិការភ្នែកមាន ១២ថ្នាក់ ចាប់ពីថ្នាក់ទី១ ដល់ទី១២- សិស្សគថ្លង់មាន ១៣ថ្នាក់ ចាប់ពីថ្នាក់ទី១-ក ទី១-ខ ដល់ទី១២ ។ សិស្សពិការភ្នែកចាប់ពីថ្នាក់ទី៣ និងគថ្លង់ចាប់ពីថ្នាក់ទី៥ ត្រូវបានបញ្ជូនទៅរៀនថ្នាក់ បរិយាបន្នសាលាទួលថ្ម មួយពេល។ ចំណែកសិស្សថ្នាក់ទី៧ ដល់១២ ត្រូវទៅរៀនថ្នាក់បរិយាបន្ន នៅវិទ្យាល័យព្រះសីហនុមួយពេលផងដែរ ៕