ក្រសួងធនធានទឹកនិងឧត្តុនិយម បានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា របបខ្យល់មូសុងឦសានមានឥទ្ធិពលខ្លាំង ហើយបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានជាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឱ្យអាកាសធាតុចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
តាមសេចក្តីជូនដំណឹងខាងលើបញ្ជាក់ថា ១.តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានធាតុអាកាសចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C ហើយខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ក្នុងល្បឿនមធ្យម ៥ម៉ែត្រ វិនាទី។
២. តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី អាចមានធាតុអាកាស ចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា២៨°C ហើយខ្យល់បក់មកពីទិស ឦសាន និងទិសបូព៌ក្នុងល្បឿនមធ្យម ៤ម៉ែត្រវិនាទី។
៣.តំបន់មាត់សមុទ្រ ៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប អាចមានធាតុអាកាសចុះត្រជាក់ និងមានសីតុណ្ហភាពមធ្យម អប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C ហើយខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ក្នុងល្បឿនមធ្យម ៤ម៉ែត្រវិនាទី។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។
ដោយឡែកតំបន់ជួរភ្នំដងរែក ជួរភ្នំក្រវាញ និងជួរភ្នំបូកគោ អាចមានធាតុអាកាសចុះត្រជាក់និងមានសីតុណ្ហភាពមធ្យមអប្បបរមា១៦°C និងសីតុណ្ហភាពមធ្យមអតិបរមា២៧°C ហើយខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ក្នុងល្បឿនមធ្យម ៦ម៉ែត្រ/វិនាទី។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់សាធារណជន និងអាជ្ញាធរដែនដី យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសចុះត្រជាក់នេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ ផ្សេងៗដែលអាចកើតមានជាយថាហេតុ៕





































