ខេត្តស្ទឹងត្រែង៖ ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៤ បានបង្ហាញពីការរំពឹងទុកយ៉ាងមុតមាំ ក្រោយការសម្រេចអនុម័តជាឯកច្ឆន្ទ លើផែនការលទ្ធកម្មសម្រាប់ឆ្នាំ២០២៦ ដែលកិច្ចការងារនេះនឹងក្លាយជាកត្តាដ៏សំខាន់ ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈ និងជំរុញការអភិវឌ្ឍន៍ខេត្តស្ទឹងត្រែងឱ្យកាន់តែមានវឌ្ឍនភាព ។
ការរំពឹងទុករបស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានធ្វើឡើងក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់ និងស្តាប់នូវសេចក្តីថ្លែងហេតុដ៏មានខ្លឹមសាររបស់ គណៈអភិបាលខេត្តស្ទឹងត្រែងរួចមក និងក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ បានសម្រេច យល់ព្រមអនុម័តជាឯកច្ឆន្ទ លើផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្ទឹងត្រែង នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពី លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង រួមជាមួយសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនទៀត ផងដែរ។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានថ្លែងថា ផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៦ នេះ គឺជាមូលដ្ឋានយុទ្ធសាស្ត្រមួយដ៏សំខាន់ ដែលនឹងធានាឱ្យការចំណាយថវិការបស់រដ្ឋបាលខេត្ត មានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ស្របតាមគោលការណ៍ច្បាប់។ លោកបន្តថា ផែនការនេះនឹងផ្តល់ឱកាសឱ្យរដ្ឋបាលខេត្តស្ទឹងត្រែង អាចអនុវត្ត និងពន្លឿនការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការទិញសម្ភារៈ និងឧបករណ៍បម្រើការងារចាំបាច់នានា ដើម្បីទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការចូលរួមអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង ឱ្យកាន់តែមានភាពរីកចម្រើននៅឆ្នាំ២០២៦។
ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ រួមទាំងសមាជិកក្រុមប្រឹក្សាខេត្តទាំងអស់ បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការដឹកនាំដ៏មានប្រសិទ្ធភាពរបស់ លោក សរ សុពុត្រា ដែលក្នុងរយៈពេលជាងមួយឆ្នាំនេះ បាននាំមកនូវការប្រែប្រួលជាវិជ្ជមានយ៉ាងធំធេងដល់ខេត្តស្ទឹងត្រែង។
សូមជម្រាបថា ខេត្តស្ទឹងត្រែងនាពេលបច្ចុប្បន្ន បាននិងកំពុងល្បីសុសសាយពីការរក្សាបាន នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលម្អ និងពង្រីក ធ្វើឲ្យខេត្តពិសេសក្រុងស្ទឹងត្រែង ប្រែមុខមាត់ថ្មីដ៏ស្រស់បំព្រង ដែលបានធ្វើឱ្យខេត្តភាគឦសានមួយនេះ កាន់តែមានមុខមាត់នៅលើឆាកជាតិ៕ដោយ៖ឡុង សំបូរ







































