លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ជួបសំណេះសំណាល និងធ្វើការចែកពាក្យប្រឡងជ្រើសរើសពលទាហាន ដល់សិស្ស និស្សិត យុវជន ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ទៅតាមលក្ខខណ្ឌកំណត់ (ដោយមិនគិតប្រាក់)

0

(កំពង់ធំ)៖ ដោយបានការអនុញ្ញាតពី ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
នាព្រឹកថ្ងៃចន្ទ ០៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង ទទួលការងារកសាងកម្លាំង ប្រធានមន្ទីរ និងនាយការិយាល័យជំនាញ ជួបសំណេះសំណាល និងធ្វើការចែកពាក្យប្រឡងជ្រើសរើសពលទាហាន ដល់សិស្ស និស្សិត យុវជនទាំងអស់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ទៅតាមលក្ខខណ្ឌកំណត់ (ដោយមិនគិតប្រាក់)។ នៅមណ្ឌលទី៤ រួមមាន៖ ខេត្តកំពង់ធំ , សៀមរាប , ព្រះវិហារ ,  និងខេត្តឧត្តរមានជ័យ គឺចាប់ចែកពាក្យពីថ្ងៃទី២៤ ខែវិច្ឆិកា ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ និងទទួលពាក្យចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ សិស្ស និស្សិត យុវជនទាំងអស់អាចមកទទួលបាននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ រៀងរាល់ម៉ោងធ្វើការ  ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានណែនាំដល់សិស្ស និស្សិត និងយុវជន ដែលមកទទួលពាក្យប្រឡង តូ្រវយកឯកសារមកមួយជាចាំបាច់ដូចជា ៖សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត  អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សញ្ញាប័ត្រ  បរិញ្ញាបត្រជាដើម។

ជាចុងក្រោយលោកឧត្តមសេនីយ៍ មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានជូនពរដល់សិស្ស និស្សិត យុវជន ដែលទទួលពាក្យប្រឡងទាំងអស់តាមបណ្ដាខេត្តខាងលើ មានសុវត្ថិភាព ក្នុងការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងប្រឡងជាប់គ្រប់ៗ គ្នា។