ត្បូងឃ្មុំ: ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធាន ស.ស.យ.ក និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា អមដំណើរដោយ លោក កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញនាំយកអំណោយសង្គ្រោះបន្ទាន់ជាគ្រឿងឧបភោគ-បរិភោគ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន
១,១៣១ គ្រួសារ ដែលបានផ្ដល់តាមរយៈអង្គការមុស្លិមហេលហ្វិន នៅប្រទេសអាឡឺម៉ង់ ផ្តល់តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា ស្ថិតក្នុងឃុំជីរោទ៍ទី១ និងឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន បានពាំនាំនូវព្រះរាជបណ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយព្រះហឫទ័យអាណិតស្រលាញ់ដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ (ហ្លួងម៉ែ) ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះ។ ព្រះអង្គតែងតែយកព្រះទ័យទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់កូនចៅប្រជារាស្ត្រ ជាពិសេសក្នុងគ្រាដែលជួបការលំបាកដូចជាពេលនេះ។
ឯកឧត្តម ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាល សម្តេចតែងបានគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់រងទុក្ខដោយមិនមានការដោះស្រាយឡើយ។
ជាមួយគ្នានោះ ឯកឧត្តម វេជ្ជបណ្ឌិត បានមានប្រសាសន៍សង្កត់ធ្ងន់ និងលើកឡើងអំពី«តម្លៃនៃសន្តិភាព» ព្រោះថាសន្តិភាពជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ សេរីភាពខាងជំនឿសាសនា ក៏បានធ្វើឱ្យប្រជាជនកម្ពុជាគ្រប់ជាតិសាសន៍ និងគ្រប់សាសនា អាចរស់នៅជាមួយគ្នាដោយសុខដុមរមនា គ្មានជម្លោះសាសនា និងមានការយោគយល់គ្នាទៅវិញទៅមកក្រោមម្លប់តែមួយ។
សូមបញ្ជាក់ថា ពិធីនេះបានធ្វើឡើងនៅ ២ ទីតាំង គឺបរិវេណវត្តនទីរង្សី (វត្តជីរោទ៍កណ្ដាល) និងបរិវេណសាលាបឋមសិក្សាបឹងព្រួល ក្នុងស្រុកត្បូងឃ្មុំ ដែលអំណោយសង្គ្រោះបន្ទាន់នេះ ទទួលបានក្នុង ១គ្រួសារ រួមមាន ៖ មី ទឹកស៊ីអ៊ីវ និងអង្ក ចំណាយថវិកាអស់ជាង ៩០លានរៀល៕






































