ខេត្តស្ទឹងត្រែង៖ អភិបាលរងខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ដ៏សំខាន់មួយ ពាក់ព័ន្ធនឹងការសិក្សាលើសក្តានុពល ដើម្បីបង្កើតតំបន់អេកូទេសចរណ៍មួយ ក្នុងឃុំសៀមបូក និងការសិក្សាពីជីវៈចម្រុះតំបន់ព្រៃក្រឡាពស់ នៃឧទ្យានជាតិវ៉ឺនសៃ-សៀមប៉ាង ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ និងការការពារធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។ កិច្ចពិភាក្សានេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាខេត្តស្ទឹងត្រែង។
ក្រុមការងារអង្គការ Wild Earth Allies ដែលជាអង្គការក្រៅរដ្ឋាភិបាល និងជាអង្គការមិនស្វែងរកប្រាក់ចំណេញបានបង្ហាញថា គោលបំណងសំខាន់ នៃការសិក្សាស្រាវជ្រាវបង្កើតសហគមន៍អេកូទេសចរណ៍នេះ គឺដើម្បីទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិ និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យងាកចេញពីការពឹងផ្អែកទៅលើអនុផលព្រៃឈើ ដោយផ្តល់ជូននូវជម្រើសសេដ្ឋកិច្ចថ្មីៗ ប្រកបដោយនិរន្តរភាព។
ការសិក្សាស្រាវជ្រាវរបស់អង្គការក្រុមការងារ Wild Earth Allies បានបង្ហាញថា តាមរយៈការពិគ្រោះយោបល់ជាមួយសហគមន៍ មេភូមិ មេឃុំ និងមន្ទីរជំនាញ ព្រមទាំងការចុះអង្កេតជាក់ស្តែងនៅសហគមន៍ព្រៃឈើសាមគ្គី និងដែនជម្រកសត្វព្រៃ-ព្រៃឡង់ អាចសន្និដ្ឋានបានថា ប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ និងឆន្ទៈខ្ពស់ក្នុងការចូលរួមរៀបចំ និងអភិវឌ្ឍសហគមន៍អេកូទេសចរណ៍។ ពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមវិនិយោគ ទាំងកម្លាំងពលកម្ម និងថវិកាផ្ទាល់ខ្លួន ទោះបីជាការរំពឹងទទួលបានផលប្រយោជន៍ អាចមានរយៈពេលវែង (ចាប់ពី ៥ឆ្នាំឡើងទៅ) ក៏ដោយ។
អភិបាលរងខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់អង្គការដៃគូអភិវឌ្ឍន៍។ លោកបានបញ្ជាក់ថា ការការពារធនធានធម្មជាតិ ត្រូវតែផ្សារភ្ជាប់ជាមួយនឹងការទទួលបានផលប្រយោជន៍មកវិញ ដែលជាយន្តការចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការសម្រេចគោលដៅអភិវឌ្ឍន៍សហសវត្សរ៍។
លោក ម៉ែន គង់ បានបន្តថា ការពិភាក្សានូវសក្តានុពលបង្កើតតំបន់អេកូទេសចរណ៍នេះ គឺស្របតាមគោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ។ លោកសង្កត់ធ្ងន់ថា តាមរយៈការអភិវឌ្ឍអេកូទេសចរណ៍សហគមន៍នេះ នឹងជួយបង្កើតឱកាសការងារ និងប្រភពចំណូលថ្មីសម្រាប់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅក្នុងតំបន់ការពារធម្មជាតិ ដែលជាការរួមចំណែកដ៏មានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងបង្កើនការចូលរួមរបស់សហគមន៍ក្នុងការអភិរក្ស។ លោកថា ការរួមចំណែករបស់អង្គការដៃគូអភិវឌ្ឍន៍ក្នុងកិច្ចការនេះ គឺស្របពេលដែលកម្ពុជាកំពុងបោះជំហាន ឆ្ពោះទៅរកប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៣០៕ដោយ៖ឡុង សំបូរ






































