រាជធានីភ្នំពេញ៖ អបអរសាទរខួប១០ឆ្នាំ នៃការដាក់បញ្ចូល ល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ (២ ធ្នូ ២០១៥ – ២ ធ្នូ ២០២៥) ។
ទាញព្រ័ត្រ ជាប្រភេទល្បែងប្រជាប្រិយខ្មែរមួយ ដែលគេនិយមកម្សាន្តទូទាំងសកលលោក ហើយត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី។
ល្បែងប្រជាប្រិយខ្មែរមួយនេះ គឺដកស្រង់ចេញពីទេវកថារបស់ព្រហ្មញ្ញសាសនា រឿងកូរសមុទ្រទឹកដោះ ដែលមានជាតឹកតាងនៅលើជញ្ជាំងប្រាសាទខ្មែរនានា ហើយរឿងនេះ ក៏ត្រូវបានប្រែឱ្យមកជាល្បែងប្រពៃណីសម្រាប់ការកម្សាន្ត ដែលសមស្របទៅតាមបរិបទរបស់កសិករខ្មែរ រហូតដល់បច្ចុប្បន្ន។
ល្បែងទាញព្រ័ត្រនេះ មិនត្រឹមតែបង្កលក្ខណៈសប្បាយរីករាយ និងការសាកកម្លាំងគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងចង់បង្ហាញពីការរឹតចំណងសាមគ្គីភាព ប្រៀបបីដូចទៅនឹងរឿងកូរសមុទ្រទឹកដោះយ៉ាងដូច្នេះដែរ ព្រោះថា ដើម្បីទទួលបានជ័យជម្នះ ភាគីនីមួយៗ គឺត្រូវរួមកម្លាំងគ្នា៕






































