ឧត្តមសេនីយ៍ ទោ សោម ស៊ុន អមដំណើរឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាព អបអរសាទរ ខួបលើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សមាជិកអចិន្ដ្រៃយ៍ គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្កកំពង់ធំ បានអមដំណើរឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តកំពង់ធំ ជាអធិបតីក្នុងពិធីមីទ្ទីង អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ឆ្នាំ ២០២៥) នៅសាលាខេត្តកំពង់ធំ ។

ឯកឧត្ដម នួន ផារ័ត្ន បានឡើងអានសន្ទរកថារបស់សម្ដេច កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាទាំងស្រុង និង ដោយបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានពុះពារគ្រប់ការលំបាក និងបានដាក់ចេញ ព្រមទាំងការដឹកនាំអនុវត្តនូវនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យ នាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ហើយប្រទេសជាតិ ត្រូវបានការអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ  ។ ហើយក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលថ្មី បន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី តាមគ្រប់រូបភាព យ៉ាងស្វាហាប់ដោយអនុវត្តន៍ការ (ស្ងាត់ តែមិនស្ងៀម)ដេីម្បីសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងនូវការចងចាំជានិច្ច នូវ គុណបំណាច់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលបច្ចុប្បន្នមានឈ្មោះថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន, សម្តេចអគ្គមហាធម្មពោធិសាល ជា សុីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាបុព្វការីដ៍មានគុណបំផុត ដែលបានសង្គ្រោះ អាយុជីវិតប្រជាជនកម្ពុជា ឲ្យរួចផុតពីសេចក្ដីស្លាប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន តំណាងឱ្យយោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្ត ដាច់ខាតអនុវត្តន៍យ៉ាងមុឺងម៉ាត់នីវបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារបូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកេីតចេញពីការបោះឆ្នោត ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ៕