សកម្មភាពបទល្មើសព្រៃឈើនៅក្នុងខេត្តក្រចេះ នៅតែបន្តកើតមានយ៉ាងអនាធិបតេយ្យ ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ ចុះទប់ស្កាត់ និងបង្ក្រាបឈើដែលឈ្មួញដឹកចេញពីតំបន់ព្រៃឡង់

0

ខេត្តក្រចេះ៖ ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ លោក តាន់ គឹមសួរ បានរកឃើញ ពីសកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូនបទល្មើសព្រៃឈើ ចេញពីដែនជម្រកសត្វព្រៃ-ព្រៃឡង់ និងបានចុះទប់ស្កាត់ និងបង្ក្រាប គ្រាដែលសេចក្តីរាយការណ៍បានបង្ហាញថា អាជ្ញាធរ និងមន្ត្រីជំនាញនៅក្នុងមូលដ្ឋាននោះ ហាក់មិនសូវអើពើធ្វើកិច្ចសហការទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ជូនផល-អនុផលព្រៃឈើល្មើសច្បាប់ របស់ក្រុមឈ្មួញទាំងនោះឡើយ។

លោក តាន់ គឹមសួរ បន្ទាប់ពីបានចុះឃ្លាំមើល និងបានរកឃើញ ពីសកម្មភាពរបស់ឈ្មួញ ១ក្រុម បាននិងកំពុងដឹកជញ្ជូនឈើតាមរថយន្តកែច្នៃយ៉ាងអនាធិបតេយ្យ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នោះមក លោកក៏បានធ្វើការឃាត់រថយន្តកែច្នៃដឹកជញ្ជូនឈើល្មើសច្បាប់នោះ នៅ​ចំណុច ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ ដោយបានទូរស័ព្ទសុំរកកិច្ចអន្តរាគមន៍ សហការណ៍បង្ក្រាបពីអាជ្ញាធរ និងមន្ត្រីជំនាញ នៅក្នុងមូលដ្ឋានស្រុកសំបូរនោះ ផងដែរ​ ។

ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ លោក តាន់ គឹមសួរ ត្រូវបានប្រភពដកស្រង់សម្តី ឲ្យដឹងថា លោកបានធ្វើការកំណត់មុខសញ្ញាឈ្មួញដឹកជញ្ជូនឈើ និងកាប់បំផ្លាញព្រៃឈើ ធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់ ក្នុងខេត្តក្រចេះ ជាច្រើននាក់ រួមមាន៖ ឈ្មោះ ធា ,មុន្នី ,ផល វែង ,ផល ខ្លី ,ចែ ម៉ាប់ និងប្តី ដែលជាមេឈ្មួញដ៏ធំ ប្រចាំនៅតំបន់ព្រៃឡង់ ។

លោក តាន់ គឹមសួរ បានបញ្ជាក់ថា លោកបានស្នើសុំកម្លាំងជំនាញសហការណ៍ តែមកដល់ម៉ោងនេះមានរយៈពេល ២-៣ម៉ោង ដូចសព្វមួយដង រឿងនេះមិនមែនជារឿងតូចទេ តែលោកបានសង្កេតឃើញថា ថ្នាក់ដឹកនាំស្រុកនេះដូចជាមិនសូវអើពើ មិនសូវចូលរួមប៉ុន្មានទេ ពិសេសលោក គង់ មេត្តា អភិបាលស្រុកសំបូរ ខេត្តក្រចេះ អត់សូវចូលរួមជាមួយគ្នាទេ ។ លោកថា នេះហើយគឺជា«វិនាសកម្មសម្បត្តិធនធានធម្មជាតិ ជាតិរបស់យើង» លោកមិនបន្ទោសក្រុមឈ្មួញទេ តែលោកបន្ទោសមន្ត្រីដែលមានការពាក់ព័ន្ធ អសកម្មដែលធ្វើការងារទាំងអស់នេះ។

ស្របពេលជាមួយនឹងលោក តាន់ គឹមសួរ ចុះបង្ក្រាបការដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃ-ព្រៃឡង់នោះ គេបានឃើញ មន្ត្រីកងរាជអាវុធហត្ថមូលដ្ឋាន ចុះទៅសួរនាំរកលិខិតបញ្ជាបេសកកម្មពីលោក តាន់ គឹមសួរ តែលោកថា លោកជាប្រជាពលរដ្ឋតែងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ អត់មានបេសកកម្មទេ។ បន្ទាប់មកលោក តាន់ គឹមសួរ ក៏បានទូរស័ព្ទរាយការណ៍ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីបានជ្រាបដល់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ​លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ នៅថ្ងៃទី២៦វិច្ឆិកា២០២៥ ថា លោកសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ករណីមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានទៅសួរនាំ លោក តាន់ គឹមសួរ ដែលបានបង្ហោះតាមបណ្តាញសង្គមនេះ ខ្ញុំបាទ ក៏បានទទួលព័ត៌មានភ្លាមៗ ពីលោក តាន់ គឹមសួរ ហើយឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំដល់ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ រួចហើយ ។

ជាមួយគ្នានេះ កម្លាំងជំនាញសន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងចុះទៅសហការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ តំបន់នោះផងដែរ៕ដោយ៖ឡុង សំបូរ