(ឧត្តរមានជ័យ)៖ ក្នុងស្មារតីសង្គ្រោះបន្ទាន់ និងការចែករំលែកទុក្ខលំបាកជាមួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយ នាថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ដោយទទួលបានការចាត់តាំងពី លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង, លោកស្រី ហេង សុជាតិ អភិបាលរងក្រុង បានដឹកនាំ
ក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនដល់គ្រួសាររងគ្រោះដោយសារអគ្គីភ័យចំនួន ០២គ្រួសារ រួមមាន គ្រួសារឈ្មោះ ហែល សុផល (ភេទស្រី អាយុ ៥៣ឆ្នាំ) នៅភូមិគោកឈូក។ គ្រួសារឈ្មោះ ប្រម ហុល (ភេទប្រុស អាយុ ៥៦ឆ្នាំ) នៅភូមិផ្អុង។
សម្ភារដែលគ្រួសារនីមួយៗទទួលបាននាឱកាសនេះ រួមមាន៖ អង្ករ ៥០គីឡូក្រាម, ទឹកសុទ្ធកម្ពុជា ១កេស, តង់ ១, មី ១កេស, ទឹកត្រី ១យួរ, ត្រីខ ១យួរ, កន្ទែល ១, ភួយ ២, ខោអាវ ១ថង់, ឃីតតូច ១កញ្ចប់ និងឃីតកាកបាទក្រហម ១កញ្ចប់ធំ។
ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកស្រីអភិបាលរងក្រុង បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងការសោកស្ដាយយ៉ាងជ្រាលជ្រៅពីសំណាក់ លោកអភិបាលក្រុង ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជូនដល់គ្រួសាររងគ្រោះដែលបានបាត់បង់ជម្រក និងទ្រព្យសម្បត្តិដោយសារគ្រោះអគ្គីភ័យ។ លោកស្រីបានសង្កត់ធ្ងន់ថា ទោះបីជាអំណោយទាំងនេះមានចំនួនមិនច្រើនក្ដី ប៉ុន្តែវាគឺជាការរួមចំណែកសម្រាលការលំបាក និងជាការលើកទឹកចិត្តឱ្យបងប្អូនបន្តខិតខំតស៊ូក្នុងជីវភាពឡើងវិញ។
ក្នុងនាមរដ្ឋបាលក្រុងសំរោង សូមអំពាវនាវដល់អាជ្ញាធរ ភូមិ សង្កាត់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យ ជាពិសេសក្នុងរដូវប្រាំងនេះ ដើម្បីជៀសវាងនូវការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិជាយថាហេតុ៕ដោយ៖ភ្នំដងរ៉ែក






































