[ខេត្តសៀមរាប]៖ នៅសណ្ឋាគារសុខាសៀមរាប ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងប្រតិភូអមដំណើរ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ដោយវត្តមានរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តសៀមរាប ដែលបានអញ្ជើញចូលរួមក្នុងពិធីសន្និបាតប្រចាំឆ្នាំដ៏មានសារៈសំខាន់នេះ ដើម្បីរួមគ្នាត្រួតពិនិត្យវឌ្ឍនភាព វាយតម្លៃសមិទ្ធផល និងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។
ឯកឧត្តម ប្រាក់ សោភ័ណ មានប្រសាសន៍ថា សមិទ្ធផលសម្រេចបានក្នុងបរិបទប្រឈមបើទោះបីជាឆ្នាំ២០២៥ កម្ពុជាបានប្រឈមមុខនឹងវិបត្តិព្រំដែន ដែលបង្កឡើងដោយការឈ្លានពានពីសំណាក់កងទ័ពថៃតាំងពីខែកក្កដា នាំឱ្យមានផលប៉ះពាល់ដល់ជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ក៏សេដ្ឋកិច្ចកម្ពុជានៅតែរក្សាបានកំណើនក្នុងរង្វង់ ៥% ក្នុងនោះ ខេត្តសៀមរាបបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ៖រក្សាស្ថិរភាព៖ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងដំណើរការសង្គម-សេដ្ឋកិច្ចជាប្រក្រតី។សេវាសាធារណៈ៖ កែទម្រង់ការផ្តល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយ ប្រកបដោយតម្លាភាព និងឆាប់រហ័ស ហេដ្ឋារចនាសម្ព័ន្ធ៖ កែលម្អសោភ័ណភាពក្រុង និងជំរុញការអភិវឌ្ឍតំបន់ជនបទយ៉ាងសកម្ម ទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦។
ឯកឧត្តម ទៀ សីហា មានប្រសាសន៍ណែនាំឲ្យរដ្ឋបាលខេត្តសៀមរាប ដើម្បីបន្តវឌ្ឍនភាពនេះ ថ្នាក់ដឹកនាំបានដាក់ចេញនូវទិសដៅអាទិភាពចំនួន ៥ ចំណុច៖ពង្រឹងសន្តិសុខ៖ បន្តអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ការគ្រប់គ្រងដីធ្លី ជំរុញការចុះបញ្ជីដីធ្លី និងរៀបចំដែនដីឱ្យមានរបៀបរៀបរយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគ ឌីជីថលូបនីយកម្ម៖ ធ្វើទំនើបកម្មសេវារដ្ឋបាលតាមប្រព័ន្ធឌីជីថល ដើម្បីកាត់បន្ថយពេលវេលា និងការចំណាយរបស់ប្រជាពលរដ្ឋ។
អភិវឌ្ឍន៍ព្រំដែន៖ បង្កើនកិច្ចសហប្រតិបត្តិការតំបន់ព្រំដែន ដើម្បីជំរុញការផ្លាស់ប្តូរទំនិញ និងសេដ្ឋកិច្ចមូលដ្ឋាន កែទម្រង់មន្ត្រី៖ ពង្រឹងសមត្ថភាព និងមនសិការវិជ្ជាជីវៈមន្ត្រីរាជការ ឱ្យក្លាយជាមន្ត្រីបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ជាទីបញ្ចប់ ថ្នាក់ដឹកនាំបានសង្កត់ធ្ងន់ថា រាល់សមិទ្ធផលទាំងអស់កើតចេញពីសាមគ្គីភាព និងការខិតខំប្រឹងប្រែងរួមគ្នា ទិសដៅឆ្នាំ២០២៦ នឹងក្លាយជាត្រីវិស័យថ្មីក្នុងការដឹកនាំខេត្តសៀមរាប ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចដ៏រឹងមាំ និងជាទីក្រុងទេសចរណ៍ដ៏មានសុភមង្គលសម្រាប់គ្រប់ៗគ្នា៕
ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃអង្គសន្និបាត និងទិសដៅការងារដែលបានដាក់ចេញសម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប ហើយខ្ញុំសង្ឃឹមជឿជាក់ ថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ ចូលរួមអនុវត្តឱ្យបានសម្រេចទិសដៅនេះ ដើម្បីការរីកចម្រើនរបស់ខេត្តសៀមរាបយើងជាបន្តទៀត។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការបំពាក់ គ្រឿងឥស្សរិយយស ជូនមន្ត្រីរាជការ ចំនួន ១៦៤រូប រួមមានគ្រឿងឥស្សរិយយស មេដាយជាតូបការ ៣រូប , មេដាយថ្នាក់ មហាសេរីវឌ្ឍន៍ ៩រូប , មេដាយ ថ្នាក់ មហាសេនា ១៤រូប ,ថ្នាក់ ធិបឌិន ២រូប , ថ្នាក់ សេនា ២០រូប និង ថ្នាក់អស្សឬទ្ធិ ១១៣រូប ៕
ដោយ៖ ប៊ុន រដ្ឋា






































