(ប៉ៃលិន)៖ លោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុក និងលោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលស្រុក នាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្ដល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន១២គ្រួសារ ស្ថិតនៅភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មានមតិសំណេះសំណាល នាឱកាសនោះ លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួសុខទុក្ខរបស់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដោយក្តីនឹករលឹក អាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយមិនប្រកាន់ពណ៌សម្បូរ និន្នាការនយោបាយណាមួយឡើយ បើទោះបីស្ថិតក្នុងស្ថានភាពបែបណា ក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋជានិច្ច ក្នុងគ្រាដែលប្រជាពលរដ្ឋជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានថ្នាក់ដឹកនាំចុះជួយជាប្រចាំ។
ជាមួយគ្នាលោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ ក៍បានអំពាវនាវដោយសង្កត់ធ្ងន់ លើចំណុចសំខាន់ៗចំនួនពីរ៖ទី១.ការប្រុងប្រយ័ត្ន ចំពោះជំងឺផ្សេងៗ សូមឱ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺឆ្លងតាមរដូវកាល ជាពិសេសជំងឺ ដែលបង្កឡើង ដោយការប្រែប្រួលអាកាសធាតុ។ ទី២.គឺការថែរក្សាសុខភាព (ការរស់នៅស្អាត ហូបស្អាត) ដោយជំរុញ ឱ្យបងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តអនាម័យឱ្យបានល្អ សម្រាន្តក្នុងមុង និងហូបទឹកស្អាត ដើម្បីជៀសផុតពីជំងឺដង្កាត់ផ្សេងៗ ដែលនាំឱ្យខាតបង់ថវិកា និងប៉ះពាល់ដល់ការងាររកស៊ី។
គួរំលឹកផងដែរថា៖ សកម្មភាពនេះ បង្ហាញពីការយកចិត្តទុកដាក់ និងការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពសង្គម។ អំណោយ ដែលនាំមកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋខ្វះខាត ក្នុង ១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធ ១កេស និងថវិកាមួយចំនួនផងដែរ៕
អត្ថបទ ភ្នំខៀវ ប៉ៃលិន





































