រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦

0

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំខែ ព្រមទាំងលើកឡើងនូវបញ្ហាផ្សេងៗ ដើម្បីរកដំណោះស្រាយបានទាន់ពេលវេលា ដោយលើកយកនូវរបៀបវារៈចំនួន៣ រួមមានៈ ១. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខេត្ត ២. ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ៣. ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត និង៤.បញ្ហាផ្សេងៗ  នៅសាលប្រជុំប្រាសាទតោ។

ឯកឧត្តម ដៀប ពីរី បន្ថែមទៀតថា អាជ្ញាធរខេត្ត គ្រោងរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមចិញ្ចើមផ្លូវតាមសួនស្ទឹងសែន និងបង្កើតផ្សារាត្រី ស្ថិតនៅក្បែរបេនឡានខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ធ្វើដំណើរថ្មើជើង គយគន់ទេសភាពក្នុងក្រុងស្ទឹងសែន ជាពិសេសបានបង្កើតមុខរបរបន្ថែមទៀតដល់ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែន។ ហើយផ្សាររាត្រីនេះ នឹងប្រមូលផ្តុំអាជីវករទាំងអស់ លក់ដូរជុំគ្នា មានរបៀបរៀបរយ មានសណ្តាប់ធ្នាប់ល្អ មានអនាម័យល្អ ទុកដាក់សំរាមឱ្យមានសណ្ដាប់ធ្នាប់ល្អ ចៀសវាងកុំចោលសំរាមផ្ដេសផ្ដាស ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បន្តថា ខេត្តកំពង់ធំមានការរីកចម្រើនជាបណ្ដើរៗ ក្រោមការដឹកនាំរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ មានការអភិវឌ្ឍ មានសោភ័ណភាពស្រស់ស្អាត មានការតុបតែងនៅតាមដងស្ទឹងសែន ដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកទស្សនាកម្សាន្ត ជាពិសេសខេត្តកំពង់ធំ បានរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរបស់កងកម្លាំងទាំង៣ ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ធំរស់នៅប្រកបដោយភាពសុខុដុមរមនីយ។

លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ថ្លែងថា ក្រុងស្ទឹងសែន កំពុងសាងសង់ផ្លូវថ្មើរជើង ដែលជាការលើកកម្ពស់សណ្ដាប់ធ្នាប់ និងការប្រើប្រាស់ដែលចាំបាច់សម្រាប់ក្រុងស្ទឹងសែន។ ចិញ្ចើមផ្លូវ មានសារៈសំខាន់សម្រាប់ការប្រើប្រាស់របស់អ្នកថ្មើរជើង និងសម្រាប់ជនពិការ ហើយផ្លូវដើរមានសុវត្ថិភាព គឺបង្ហាញពីការយកចិត្តទុកដាក់សំខាន់មួយពីអាជ្ញាធរខេត្ត។

លោកជំទាវ លំ គន្ធារី បានអំពាវនាវដល់ប្រជាពលរដ្ឋ គប្បីចូលរួមសហការ និងអនុវត្តដើម្បីផលប្រយោជន៍រួម ព្រោះថាកាលណាសណ្ដាប់ធ្នាប់ចិញ្ចើមផ្លូវត្រូវបានរៀបចំ ទីក្រុងក៏ស្អាត ការប្រើប្រាស់របស់ប្រជាជនគ្រប់ៗគ្នានឹងកាន់តែល្អប្រសើរ។

លើសពីនេះទៀត បន្តថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ទម្លាប់ចាស់អ្វីដែលយើងមិនគួរធ្វើលើចិញ្ចើមផ្លូវថ្មីពីមុនមក រួមមាន:ឈប់ការលក់ដូរ ឬប្រើផ្លូវដើរ ជាប្រយោជន៍អាជីវកម្មផ្ទាល់ខ្លួនកុំដាក់របស់របរបាំងផ្លូវរំខានការធ្វើដំណើររបស់អ្នកថ្មើរជើងមិនចត ឬឈប់យានយន្តដឹកផ្ទេរទំនិញ លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈមិនគួរចតយានយន្តគ្រប់ប្រភេទលើចិញ្ចើមផ្លូវ ដែលបាំងដល់ផ្លូវអ្នកថ្មើរជើង ជាពិសេសផ្លូវជនពិការកុំបំផ្លាញការ៉ូក្រាលផ្លូវថ្មើរជើង ដោយសង់អ្វីពីលើ ឬសង្កត់ដោយរបស់ធ្ងន់ចូលរួមសម្អាតចិញ្ចើមផ្លូវមុខផ្ទះឲ្យបានស្អាតទាំងអស់គ្នា៕