អង្គការ Unicef និងក្រសួងអភិវឌ្ឍន៍ជនបទ ផ្តល់អំណោយជាសម្ភារៈអនាម័យ ជូនដល់រដ្ឋបាលស្រុកអូរជ្រៅ

0

បន្ទាយមានជ័យ៖ អង្គការ Unicef បានផ្តល់អំណោយជាសម្ភារៈអនាម័យតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងប្រគល់ជូនអោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ យកទៅប្រគល់ជូនរដ្ឋបាលស្រុកអូរជ្រៅ សម្រាប់បែងចែកជូនប្រជាពលរដ្ឋ ១២៤៤គ្រួសារ ដែលស្នាក់នៅបណ្តោះអាសន្នជំរុំជនភៀសសឹកដែលមិនទាន់អាចត្រលប់ចូលទៅទីតាំងភូមិវិញបាននៅវត្ត ចាន់ស៊ីសាមគ្គីរតនារាម ភូមិកូបកេីត ឃុំកូប ក្នុងស្រុកអូរជ្រៅ នារសៀលថ្ងៃទី៨ កុម្ភះ ២០២៦។
ការប្រគល់ទទួល មានវត្តមាន លោកស្រី កែវ ពេជ្ជតា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតំណាងឲ្យលោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងលោក ហួត វិច្ឆ័យ ប្រធានការិយាល័យថែទាំសុខភាពជនបទស្តីទី ដោយទទួលស្វាគមន៍ពីសំណាក់លោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សាស្រុកអូរជ្រៅ និងក្រុមការងារ។

លោកស្រី កែវ ពេជ្ជតា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់រដ្ឋបាលស្រុកអូរជ្រៅ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងបានជួយដោះស្រាយទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋភៀសសឹកនៅតំបន់មានសុវត្ថិភាព និងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការធានាដល់ការផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ការស្នាក់នៅជាបណ្តោះអាសន្ន។ ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» អំណោយសម្ភារៈអនាម័យ ដែលបានផ្តល់ជូននាពេលនេះគឺរបស់អង្គការ Unicef និងក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាការឆ្លើយតបក្នុងគ្រាលំបាកខ្វះខាតទាំងឡាយនៅចំពោះមុខដែលរដ្ឋបាលស្រុកមានតម្រូវការជាច្រើនយកទៅដោះស្រាយតាមតម្រូវការជាក់ស្តែង ដោយផ្ដោតទៅលើបញ្ហាអនាម័យជាប្រចាំ។

លោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សាស្រុកអូរជ្រៅ និងក្រុមការងារ បានថ្លែងអំណរគុណដល់អង្គការ Unicef និងក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងសប្បុរសជននានា ជួបតែសេចក្តីសុខសុភមង្គល និងបានប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ

សម្រាប់អំណោយជាសម្ភារៈអនាម័យ យកទៅប្រគល់ជូនរដ្ឋបាលស្រុកអូរជ្រៅ សម្រាប់បែងចែកជូនប្រជាពលរដ្ឋ១២៤៤គ្រួសារដែលស្នាក់នៅបណ្តោះអាសន្នជំរុំជនភៀសសឹក នៅវត្ត ចាន់ស៊ីសាមគ្គីរតនារាម ..រួមមាន៖១,ឃីត ៤០០។ ២,សូឡា LED ២៥០៕ដោយ៖ឃិន គន្ធា