ខេត្តកំពង់ធំ÷ ក្រោយពីធ្វើការប្រមូលផលស្រូវរួចមក ប្រជាកសិករនៅឃុំស្រឡៅ ស្រុកតាំងគោក បានដាំដំណាំ ដូចជា ឪឡឹក ត្រសក់ ដើម្បីផ្គត់ផ្គង់ជីវិភាពរស់នៅ ក្នុងការកាត់បន្ថយការនាំចូលបន្លែពីខាងក្រៅ និងគ្មានជាតិគីមីផងដែរ។ ទាំងនេះក៏ដោយសារតែនៅតំបន់នេះមានប្រភពទឹកគ្រប់គ្រាន់។
អាជ្ញាធរស្រុកតាំងគោក ដឹកនាំដោយលោកហាក់ ម៉ុងហួត អភិបាលស្រុកនាព្រឹកថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៦ បានដឹកនាំសហការីចុះសួរសុខទុក្ខ និងពិនិត្យមើលស្រូវ និងផលដំណាំរបស់បងប្អូនប្រជាកសិករនៅឃុំស្រឡៅ ស្រុកតាំងគោក។ នៅក្នុងការចុះសួរសុខទុក្ខនេះ ក៏បានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែង ដាំដុះបន្លែបង្កាគ្រប់ប្រភេទ ដោយត្រូវដាំឆ្លាស់គ្នា ពោលគឺកុំដាំដំណាំដូចៗគ្នាច្រើនពេក ដែលនាំឱ្យមានការលំបាកក្នុងការរកទីផ្សារ ។
លោកអភិបាលស្រុកតាំងគោក បានបន្តទៀតថា ប្រជាកសិករ ដែលដាំបន្លែត្រូវគិតគូរពីផលប៉ះពាល់ និងសុខភាព របស់ប្រជាពលរដ្ឋ ដែលទិញបន្លែយកទៅធ្វើម្ហូបទទួលទាន គឺត្រូវប្រើជីធម្មជាតិ មិនត្រូវប្រើជីគីមីនោះឡើយ។ ម្យ៉ាងវិញទៀត បើសិនជាមានករណីជួប ប្រទះនូវបញ្ហាផលប៉ះពាល់ដល់ដំណាំ ដែលកំពុងដាំដុះ ត្រូវរាយការណ៍ជូនដល់មន្រ្តីជំនាញកសិកម្មស្រុក ឱ្យចុះទៅពិនិត្យ និងរកវិធីជួយសង្គ្រោះឱ្យបានទាន់ពេលវេលាផងដែរ។
ជាមួយគ្នានេះដែរលោកអភិបាលស្រុកតាំងគោក ក៏បានណែនាំដល់មន្រ្តីជំនាញទាំងអស់ ត្រូវខិតខំយកចិត្តទុក ដាក់ចុះតាមមូលដ្ឋានឱ្យបានញឹកញាប់ ដើម្បីសួរសុខ ទុក្ខ និងតាមដានការដាំដុះរបស់ប្រជាកសិករ ហើយបើមានបញ្ហាកើតឡើង សូមរកដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលា។
លោកអភិបាលស្រុកក៏ក្រើនរំលឹកដល់អាជ្ញាធរឃុំផងដែរថា ត្រូវតាមដាននិងផ្សព្វផ្សាយជាប្រចាំនូវលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការធ្វើស្រែប្រាំងនៅតាមប្រព័ន្ធធារាសាស្រ្តចំនួន១៤ទីតាំង ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ដោយសារក្រសួងធនធានទឹក និងឧតុនិយមបាននិងកំពុងសាងសង ជួសជុល ស្តាតឡើងវិញនូវប្រព័ន្ធធារាសាស្រ្ត ចៀសវាងពួកគាត់ធ្វើខ្វះទឹកខាត់បង់ពេលវេលា និងថវិការ។
ចំណែកប្រជាកសិករ រីករាយសប្បាយចិត្តយ៉ាងខ្លាំង និងថ្លែងអំណរគុណបំផុតពេលដែលឃើញថ្នាក់ដឹកនាំស្រុក តែងតែចុះសួរសុខទុក្ខ រហូតដល់កន្លែងដាំដុះបែប នេះ៕






































