កំពង់ធំ÷ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កំពង់ធំ បានអញ្ជើញត្រួតពិនិត្យវត្តមានជាក់ស្តែងកងកម្លាំង ដែលបានប្រមូលផ្តុំប្រជុំ ត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ ។
ថ្លែងនៅក្នុងកម្មវិធីនេះលោកឧត្តមសេនីយ៍ទោ ហេង សុផល បានមានប្រសាសន៍ សំណេះសំណាល ជាមួយកងកម្លាំងដោយថ្លៃថាគ្រប់ពេលវេលាដែលបំពេញភារកិច្ច ត្រូវគ្រងឯកសណ្ឋាន បានត្រឹមត្រូវ សាកសមជាមន្ត្រីនគរបាលជាតិកម្ពុជា ព្រមទាំងបន្តថ្លែងក្រើនរំលឹក ពង្រឹងការគ្រប់គ្រងដឹកនាំបញ្ជា ក្នុងអនុវត្តតួនាទី/ភារកិច្ចជំនាញ។ ពង្រឹងវិន័យលេខ៨៧៣ របស់កងកម្លាំងនគរបាលជាតិកម្ពុជា សូមឱ្យថ្នាក់ដឹកនាំជានាយការិយាល័យជំនាញត្រូវធ្វើគំរូល្អ ដល់មន្ត្រីក្រោមឱវាទពង្រឹងរបៀបរបបការងារជំនាញការប្រមូលផ្តុំ ការគ្រប់គ្រងកងកម្លាំង តាមបែបបទការងាររដ្ឋបាល ការត្រួតពិនិត្យ ចុះវត្តមានជាក់ស្ដែង មន្ត្រីមកបំពេញភារកិច្ច ជាប្រចាំថ្ងៃ ដើម្បីរកឱ្យឃើញមន្ត្រី ដែលសកម្មមានស្នាដៃក្នុងការអនុវត្តភារកិច្ចជូនអង្គភាព ត្រូវទទួលបានការលើកទឹកចិត្ត ពីថ្នាក់ដឹកនាំ អង្គភាព តាមរូបភាពនានា ផ្ទុយទៅវិញចំពោះមន្ត្រីអសកម្ម ក្នុងការបំពេញភារកិច្ច ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់តាមលក្ខន្តិកៈដោយឡែក នៃក្របខណ្ឌមន្ត្រីនគរបាលជាតិ។
បន្តប្រមូលផ្តុំកងកម្លាំង ហ្វឹកហាត់ លំហាត់របៀប វិន័យកងជួរ សណ្តាប់ធ្នាប់ ប្រឆាំងបាតុកម្ម បន្តថែរក្សាការងារសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបន្តចូលរួមដូចភ្លៀងរលឹម ចំពោះការងារសប្បុរសធម៌ ចែករំលែកជួយគ្នាទៅវិញទៅមកនាគ្រាជួបទុក្ខលំបាក រវៀងកងកម្លាំង និងកងកម្លាំង ព្រមទាំងប្រជាពលរដ្ឋ ដែលជីវភាពខ្វះខាតបន្តធ្វើគំរូល្អ ដល់មហាជនទូទៅក្នុងការគោរពអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ហេង សុផលលោកស្នងការនគរបាលខេត្តកំពង់ធំ បានប្រសិទ្ធពរជ័យ ជូនចំពោះកងកម្លាំងគ្រប់លំដាប់ថ្នាក់ សូមសមប្រកបជួបប្រទះ តែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន៕ដោយលោក ធូ កែវមុន្នី






































